ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ គេសង្កេតឃើញទេសភាពទឹកហូរនៅក្នុងដងស្ទឹងបរយ៉ាខា ស្ថិតនៅចំណុចស្ពានសន្តិភាព ក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ពិតជាស្រស់ស្អាត បង្កឱ្យមានភាពទាក់ទាញ ដោយសារទឹកស្ទឹងថ្លាយង់ គួរឱ្យចង់ចុះងូតលេង ទោះបីជាមើលទៅទឹកមិនសូវច្រើនក្តី។ តែនៅកន្លែងខ្លះ ទឹកក៏ជ្រៅល្មម អាចឱ្យភ្ញៀវទេសចរ និងអ្នកភូមិចុះទៅងូតលេងកម្សាន្តធ្វើឱ្យត្រជាក់ស្រេប បំបាត់អស់នូវក្តីកង្វល់ ធ្វើឱ្យអារម្មណ៍ស្រស់ថ្លាថែមទៀតផង។
បើតាមការរៀបរាប់ពីអ្នកភូមិម្នាក់មានឈ្មោះ ម៉ៅ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិខាងលើ បានឱ្យដឹងថា ៖ ទឹកស្ទឹងបរយ៉ាខា មានប្រភពហូរមកពីប្រទេសថៃ ក្នុងទិសដៅពីលិចទៅកើត ធ្លាក់ចូលទៅស្ទឹងនានាក្នុងខេត្តបាត់ដំបង។ ហើយនៅរដូវវស្សាទឹកស្ទឹងនេះ មានសភាពល្អក់កករ ដោយសារតែទឹកហូរនាំយកកំទេចដីពីផ្នែកខាងលើ ហើយជួនកាលមានភ្លៀងធ្លាក់ច្រើនក៏ហូរកំទេចដីពីចម្ការ និងដីភ្នំចូលក្នុងស្ទឹងជាដើម។
ប្រភពដដែលបន្តទៀតថា នៅពេលភ្លៀងធ្លាក់ខ្លាំង គេមិនសូវហ៊ានចុះងូតទឹកលេងនោះទេ ព្រោះអាចបង្កឱ្យមានបញ្ហាគ្រោះថ្នាក់ ទឹកកួច ខណ:ទឹកស្ទឹងនេះ អាចហក់ឡើងខ្ពស់រហូតដល់មាត់ច្រាំងផ្នែកខាងលើ។ តែបើនៅរដូវប្រាំងវិញ គឺទឹកស្ទឹងនៅត្រឹមតែបាតស្ទឹងប៉ុណ្ណោះ ដែលហូររឹមៗ មើលឃើញផ្ទាំងថ្មនៅបាតស្ទឹង មានពណ៌ខ្មៅរលោង ជាពិសេសភ្ញៀវទេសចរ ដែលនិយមចូលចិត្តចុះងូតទឹកលឹង តែងតែរកកន្លែងទឹកជ្រៅបន្តិច មានផ្ទាំងថ្មធំៗ អាចអង្គុយលេងកម្សាន្ត និងថតស៊ែលហ្វីថែមទៀតផង។
គាត់បន្តទៀតថា ដងស្ទឹងបរយ៉ាខានេះ មានអំណោយផលល្អ បើសិនជាអាជ្ញាធរខេត្ត ធ្វើការអភិវឌ្ឍនោះ ទៅថ្ងៃខាងមុខពិតជាអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះ ការលក់ដូរម្ហូបអាហារក៏ដាច់ ព្រោះទឹកស្ទឹងនេះ មានសភាពរាក់មិនបង្កផលលំបាកដល់អ្នកចុះហែលទឹកលេងនោះទេ ហើយថែមទាំងមានទេសភាពព្រៃឈើនៅសងខាងស្ទឹងបញ្ចេញពណ៌ខៀវខ្ចីថែមទៀត៕