រាជធានីភ្នំពេញ ៖ បន្ទាប់ពីគម្រោងស៊ីហ្គេមនៅកម្ពុជា កាន់តែរំកិលជិតដល់ បណ្ដាសហព័ន្ធកីឡាមួយចំនួន កាន់តែយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព ខណៈដែលកីឡាស្គែតកម្ពុជា ក៏កំពុងពន្លូតខ្លួនសម្រាប់ការត្រៀមខ្លួនផងដែរ ដើម្បីស្វែងរកឱកាសទាញយកប្រជាប្រិយភាពនៅក្នុងវិស័យកីឡា។ ក្រៅពីពង្រឹងធនធានកីឡាករ កីឡាការិនី សហព័ន្ធនេះ ក៏យកចិត្តទុកដាក់ផងដែរ ក្នុងការពង្រឹងគោលការណ៍ និង ធ្វើយ៉ាងណាដើម្បីគ្រូបង្វឹក ក៏ដូចជាមន្ត្រីទាំងមូល កាន់តែមានសមត្ថភាពសម្រាប់ស៊ីហ្គេម។
ការមើលឃើញពីការពង្រឹងសមត្ថភាពនេះ គឺត្រូវគេឃើញមន្ត្រីសហព័ន្ធ និង ថ្នាក់ដឹកនាំរមែងបើកកិច្ចប្រជុំជារឿយៗ បើទោះជាក្នុងដំណាក់កាលកូវីត១៩ផ្ទុះខ្លាំង។ គណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាស្គែតកម្ពុជា គឺលោក កុសល ពីសី ប្រធានសហព័ន្ធ បានបង្ហាញនូវការរំពឹងថា សហព័ន្ធស្គែតកម្ពុជា នឹងមានឱកាសបង្ហាញមុខមាត់របស់ខ្លួន អោយកាន់តែទទួលបានការចាប់អារម្មណ៍ សម្រាប់ស៊ីហ្គេមនៅឆ្នាំ២០២៣។
លោកបានដឹកនាំមន្ត្រីក្រោមឱវាទ ចូលជួបសម្តែងការគួរសម ជាមួយប្រតិភូរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីសុំការជ្រោមជ្រែង។ លោក កុសល ពិសី បញ្ជាក់ថា សហព័ន្ធមិនអាចពឹងតែលើសមត្ថភាពរបស់ខ្លួនតែម្យ៉ាងនោះទេ គឺដាច់ខាតត្រូវតែមានការជ្រោមជ្រែងពីស្ថាប័នទាំងឡាយ ដោយលោកយល់ថា កម្លាំងសហការដែលកំពុងទទួលបាននេះ នឹងក្លាយជាចលករកាន់តែខ្លាំង ក្នុងការជួយអោយសហព័ន្ធមានលំនឹង និង មានចរន្តយូរអង្វែង។
ឯកឧត្តម សុខ សប្បាយណា បានលើកឡើងថា គឺជាមោទនភាពធំមួយរបស់កម្ពុជា ដែលមានវិស័យកីឡាស្ទើរតែគ្រប់ផ្នែកមានការរលេចឡើង ខណៈដែលកីឡាស្គែតកម្ពុជា ក៏ជាការបង្ហាញអោយឃើញកាន់តែសំបូរបែប ថាកម្ពុជា ពោរពេញដោយការរីកចំរើននៅក្នុងវិស័យកីឡា។ ឯកឧត្តមសន្យាយល់ព្រមបង្កើនការចូលរួមទៅវិញទៅមក រវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសហព័ន្ធកីឡាស្គែតកម្ពុជា តាមកម្មវិធីផ្នែកកីឡារបស់សហព័ន្ធកីឡាស្គែតកម្ពុជា និងកម្មវិធីរបស់សហភាពសហព័ន្ធយុវជនកម្ពុជា មានជាអាទិ៍ព្រឹត្តិការណ៍មហាសង្ក្រានអង្គរជាដើម ដែលសុទ្ធសឹងជាសរសរស្តមនៃបេសកកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា រួមមានវប្បធម៌ កីឡា ការអប់រំ និងមនុស្សធម៌ ដើម្បីលើកទឹកចិត្តអោយកីឡាករកីឡាការិនីស្គែតកម្ពុជា កាន់តែមានសន្ទុះឈានឡើង។
ឯកឧត្តម សុខ សប្បាយណា បានផ្តល់អនុសាសន៍ជូនដល់សហព័ន្ធកីឡាស្គែតកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកីឡា និងយុវជនជាទូទៅ ដោយសង្កត់ធ្ងន់លើគោលការណ៍យុទ្ធសាស្ត្រមួយចំនួន រួមមានការគោរពអោយបាននូវតម្លាភាពទាំង៤ ការជៀសវាងប្រើប្រាស់សារធាតុហាមឃាត់ ការពង្រឹងរចនាសម្ព័ន្ធសហព័ន្ធ សម្ព័ន្ធតាមបណ្តាខេត្ត និងក្លឹបចំណុះរបស់សម្ព័ន្ធ។ លោកក៏ជំរុញអោយសហព័ន្ធ អនុវត្តន៍តម្លាភាពទាំង៤ ដោយផ្តោតលើការជ្រើសរើសក្រុមជម្រើសជាតិ ដូចជាមានការប្រឡងប្រចាំខែ និងការជ្រើសរើសកីឡាករទៅចូលរួមការប្រកួតអន្តរជាតិ តាមរយៈការជម្រុះប្រកបដោយភាពច្បាស់លាស់ ជាប្រចាំឆ្នាំផងដែរ។
លោក កុសល ពីសី ប្រធានសហព័ន្ធកីឡាស្គែតកម្ពុជា ក៏បានលើកឡើងអំពីចំណុចពិសេស និងបច្ចុប្បន្នភាពនានាជុំវិញវិស័យកីឡាស្គែតនៅក្នុងប្រទេសកម្ពុជា និងលើឆាកអន្តរជាតិ ដែលកំពុងទទួលបានការពេញនិយមពីស្រទាប់កុមារ យុវជន និងស្ថាប័នកីឡាអន្តរជាតិនានា។ លោកថា នាពេលកន្លងមក កីឡាស្គែតកម្ពុជា បានចូលក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗដូចជា ស៊ីហ្គេម កីឡាអាស៊ី កីឡាឆ្នេរសមុទ្រពិភពលោក និងកីឡាអូឡាំពិក ហើយក្នុងពេលខាងមុខ សហព័ន្ធនឹងពង្រឹងអោយបានកាន់តែខ្លាំង សម្រាប់ស៊ីហ្គេម។ គណៈកម្មាធិការអន្តរជាតិអូឡាំពិក (IOC) ក៏បង្ហាញពីការជួយពង្រឹងដល់សហព័ន្ធវើលស្គែត ដែលទទួលបន្ទុកកីឡាស្គែតលើសកលលោក ដែលគណកម្មការនេះ នឹងត្រូវអនុម័តអោយកីឡាស្គែតកម្ពុជា អាចចូលជាសហព័ន្ធអន្តរជាតិនៃធម្មនុញ្ញរបស់ គណៈកម្មាធិការអន្តរជាតិអូឡាំពិក ដែលសហព័ន្ធរំពឹងថា នៅក្នុងពេលនោះ គឺពិតជាជំរុញអោយកីឡាករកីឡាការិនីកាន់តែមានសកម្មភាព។
គួរបញ្ជាក់ផងដែរថា កីឡាស្គែត កំពុងក្លាយជាកីឡាពេញនិយមពីសំណាក់កុមារ និងយុវជនតាមបណ្តាខេត្ត និង រាជធានី។ ជាសរុបកីឡាករនិងកីឡាការិនីនៅក្នុងវិស័យនេះ គឺមានរហូតដល់ប្រមាណ១៥០នាក់ ដោយមកទល់ពេលនេះ គឺមានការចុះឈ្មោះនៅក្នុងស្ថិតិរបស់សហព័ន្ធមានស្ទើរគ្រប់ខេត្តក្រុងតែម្ដង ដូចជានៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម ស្ទឹងត្រែង រតនគីរី សៀមរាប បាត់ដំបង ប៉ៃលិន ព្រះសីហនុ កំពត កែប និងតាកែវ។ បន្ថែមពីនេះ សហគមន៍កីឡាស្គែត និងអ្នកស្រលាញ់គាំទ្រក៏មានសន្ទុះកើនឡើង អោយកាន់តែខ្លាំងផងដែរ៕