រាជធានីភ្នំពេញ ៖ ជាការពិត ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលទើបស្ថាបនា និងបើកសម្ពោធរួចរាល់ គឺសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ២០២៣ប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយគ្រាន់តែរួចរាល់ភ្លាម ស្រាប់តែកម្ពុជាប្រកាសទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ជើងឯកតំបន់អាស៊ីអាគ្នេយ៍ អាយុក្រោម២៣ឆ្នាំ នៅឆ្នាំ២០២២ ឬ ការប្រកួត Suzuki Cup 2022 ភ្លាមៗ ។ ការរៀបចំការប្រកួតនេះត្រូវគេអះអាងថា ដើម្បីស្ទាបស្ទង់សមត្ថភាព និងបរិយាកាសការប្រកួតអន្តរជាតិជាលើកដំបូងមុនស៊ីហ្គេម ។
ការប្រកួតនេះ ត្រូវបានគណៈកម្មការបង្កើនការពន្លឿនរៀបចំផ្សេងៗយ៉ាងយកចិត្តទុកដាក់ ដើម្បីកុំអោយបាក់មុខក្នុងនាមជាម្ចាស់ផ្ទះ ដោយសារតែ Suzuki Cup ក៏ជាព្រឹត្តិការណ៍មួយដ៏សំខាន់របស់អាស៊ាន។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសកាលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ថា កម្ពុជាបានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ជើងឯកតំបន់អាស៊ីអាគ្នេយ៍អាយុក្រោម២៣ឆ្នាំ (AFF U23 Championship 2022) ដែលគ្រោងប្រកួតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ជាផ្លូវការហើយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍នៃក្លិបបាល់ទាត់វិសាខា ដើម្បីស្ទាបស្ទង់សមត្ថភាពរៀបចំរបស់កម្ពុជាមុនស៊ីហ្គេមមកដល់។
អ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា បានសម្តែងការអបអរសាទរចំពោះការទទួលធ្វើម្ចាស់ផ្ទះ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាសំណង់ប្រវត្តិសាស្ត្រថ្មីមួយ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។ នេះគឺជាព្រឹត្តិការណ៍កីឡាបាល់ទាត់កម្រិតជើងឯកអាស៊ីអាគ្នេយ៍ថ្មីមួយ សម្រាប់ពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីកម្ពុជាបានខកខានក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF Suzuki Cup 2020 កាលពីពេលកន្លងទៅ។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាគូសបញ្ជាក់ថា សម្រាប់ការប្រកួតផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោ អាចជាការប្រកួតដំបូងដើមឆ្នាំ២០២២ បន្ទាប់ពីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ ។ ប៉ុន្តែនៅមុនព្រឹត្តិការណ៍នេះ អាចនឹងមានការប្រកួតមិត្តភាពអន្តរជាតិណាមួយ ដើម្បីឱ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មានភាពស៊ាំទៅនឹងកីឡដ្ឋានថ្មីនេះ។
លោកអគ្គលេខាធិការមានប្រសាសន៍ទៀតថា សម្រាប់ការប្រកួតជើងឯកអាស៊ានអាយុក្រោម២៣ឆ្នាំ ឆ្នាំ២០២២ ក៏ដូចជាព្រឹត្តិការណ៍ប្រកួតអន្តរជាតិផ្សេងៗទៀត គឺជាផ្លូវតែមួយក្នុងដំណើរអភិវឌ្ឍន៍ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា
ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផ្ទាល់តែម្តង ។ ចំពោះអាយុរបស់កីឡាករក្នុងព្រឹត្តិការណ៍ នឹងមានខ្លះអាចចូលរួមលេងក្នុងស៊ីហ្គេមឆ្នាំ២០២៣បាន ដោយស៊ីហ្គេមប្រើប្រាស់ឈុតអាយុក្រោម ២២ឆ្នាំ។ នេះគឺជាការបង្កើនកម្រិតគុណភាពបច្ចេក
ទេសរបស់ក្រុមជម្រើសជាតិផង និងត្រៀមខ្លួនក្នុងការរៀបចំផង ដោយសារពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកីឡដ្ឋានថ្មីដ៏ធំមហាសាល។ ដូច្នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងអាចដកស្រង់បទពិសោធន៍ដំបូងសម្រាប់ការរៀបចំការប្រកួតជាផ្លូវការនេះផងដែរ។
លោក កែវ សារ៉េត បញ្ជាក់ជូនបន្ថែមទៀតថា ជាធម្មតា ការទទួលធ្វើម្ចាស់ផ្ទះតែងតែផ្តល់នូវផលចំណេញច្រើន ដូចជា ទទួលបានជាបទពិសោធន៍ នៃការរៀបចំផង និងផលប្រយោជន៍ជាសាធារណៈផង ដោយធ្វើឱ្យប្រជាពលរដ្ឋខ្មែរអាចចូលរួមគាំទ្រ ដែលជាចំណែកនៃការអភិវឌ្ឍវិស័យកីឡាកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជើងឯកអាស៊ាន ដែលមានសិទ្ធិចូលរួមការប្រកួតមានបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១១ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះមានក្រុមជម្រើសជាតិអូស្ដ្រាលី ក៏តែងតែចូលរួមប្រកួតប្រជែងផងដែរសរុប១២ប្រទេស៕