តើអ្នកស្គាល់ម៉ាស N95 និង KN95 ដែរឬទេ? ប្រសិនបើអ្នកមិនស្គាល់ទេ អ្នកអាចមើលរូបបាន។ ម៉ាសប្រភេទទាំងពីរនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែវាមានប្រសិទ្ធភាពការពារវីរុសកូវីដបានល្អជាងគេ។
ទោះជាយ៉ាងណាក៏ដោយ ម៉ាសទាំង២ប្រភេទនេះ គឺខុសគ្នាដាច់ពីម៉ាសក្រណាត់ធម្មតា ដែលយើងអាចបោកទឹកយកមកប្រើបាន។ តែសម្រាប់ម៉ាស់នេះ គឺយើងមិនអាចនោះទេ។ សំនួរសួរថា តើយើងត្រូវពាក់ម្តងបោះចោល ឬ អាចទុកពាក់បានច្រើនដង។ ជាធម្មតា វាត្រូវបានកំណត់សម្រាប់ការប្រើប្រាស់តែមួយលើក ព្រោះវាត្រូវបានគេប្រើជាញឹកញាប់នៅក្នុងបរិយាកាសវេជ្ជសាស្ត្រ (ក្នុងមន្ទីរពេទ្យ)។
លោកស្រី Linsey Marr សាស្ត្រាចារ្យផ្នែកវិស្វកម្មស៊ីវិលនិងបរិស្ថាន នៅរដ្ឋ Virginia Tech បានប្រាប់ CNN ថា៖ “ខ្ញុំពាក់វាដដែលៗពេញមួយសប្តាហ៍។ គេបានលើកឡើងពីការពាក់ត្រឹមតែ៤០ម៉ោងមុនពេលបោះចោល តែសម្រាប់ខ្ញុំគឺមិនអីទេ។ ខ្ញុំពាក់វាទាល់តែវាពាក់លែងកើត។”
តើអ្វីដែលលើកឡើងដោយលោកស្រី គឺត្រឹមត្រូវដែរឬទេ?
លោកវេជ្ជបណ្ឌិត Joe Gastaldo អ្នកជំនាញជំងឺឆ្លងនៅ OhioHealth បានប្រាប់ WBNS-TV ថា៖ “ការព្រួយបារម្ភអំពីការពាក់ម៉ាស់នៅទីសាធារណៈ ជាក់ស្តែងប្រសិនបើអ្នកមានភាគល្អិតនៅលើវា (ប្រហែលជាមេរោគ) អ្នកអាចសម្លាប់វាបានដោយការទុកម៉ាសនៅក្នុងកន្លែងស្ងួត។ វាអាចសម្លាប់មេរោគបាន ហើយអាចយកមកពាក់ម្តងទៀត។”
ចំណុចសំខាន់គឺថា ម៉ាសដែលមានគុណភាពខ្ពស់ មានសារៈសំខាន់ក្នុងការបញ្ឈប់ការឆ្លងមេរោគកូវីដ១៩។ ដោយសារមនុស្សកាន់តែច្រើនប្រើម៉ាស N95 និង KN95 ទាំងនេះដើម្បីរក្សាសុវត្ថិភាព យើងគួរតែដឹងពីវិធីប្រើប្រាស់វាឱ្យបានត្រឹមត្រូវ៕