តាមការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញឱ្យឃើញថា កូវីដបម្លែងថ្មីអូមីក្រុងបើទោះបីជាឆ្លងលើអ្នកមិនបានចាក់វ៉ាក់សាំង ក៏មានរោគសញ្ញាខ្សោយជាងកូវីដប្រភេទផ្សេងៗទៀតដែរ។ សារព័ត៌មាន Bloomberg រាយការណ៍ថា ការសិក្សាថ្មីមួយដែលបានចេញផ្សាយនៅលើគេហទំព័របោះពុម្ពមុន MedRxiv បានរកឃើញថា កូវីដអូមីក្រុង បង្កើតរោគសញ្ញាតិចជាង ក្នុងចំណោមអ្នកជំងឺទាំងចាក់វ៉ាក់សាំងនិងមិនចាក់វ៉ាក់សាំង បើធៀបនឹងកូវីដប្រភេទដទៃ។
ការសិក្សានេះត្រូវបានធ្វើឡើង ដោយនាយកដ្ឋានសុខភាពជាតិអាហ្រ្វិកខាងលិច និងអាហ្វ្រិកខាងត្បូង និង វិទ្យាស្ថានជាតិសម្រាប់ជំងឺឆ្លងនៅអាហ្វ្រិកខាងត្បូង។ ការសិក្សានេះលើកឡើងថា៖ “បំរែបំរួលនៃមេរោគកូវីដអូមីក្រុ្ង បណ្តាលឱ្យមានជំងឺមិនសូវធ្ងន់ធ្ងរ បើធៀបនឹងកូវីដដែលតា សូម្បីតែចំពោះអ្នកដែលមិនបានទទួលថ្នាំបង្ការ ឬអ្នកដែលមិនធ្លាប់ឆ្លងមេរោគពីមុនមក។”
ផ្ទុយទៅវិញ អង្គការសុខភាពពិភពលោក WHO បាននិយាយកាលពីថ្ងៃពុធថា កូវីដប្រភេទអូមីក្រុង អាចជា “មេរោគដ៏គ្រោះថ្នាក់” សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំង នេះបើយោងតាម Reuters ។
លោកវេជ្ជបណ្ឌិត Mike Ryan នាយកកម្មវិធីសង្គ្រោះបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោក បាននិយាយតាម CNBC ថា៖ “អូមីក្រុង នៅតែតំណាងឱ្យការគំរាមកំហែងដ៏ធំចំពោះជីវិត និងការគំរាមកំហែងដ៏ធំចំពោះសុខភាព។”
ជាមួយគ្នានេះដែរ លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីខែធ្នូថា កូវីដប្រភេទអូមីក្រុង គឺមានគ្រោះថ្នាក់សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ហើយអាចឈានដល់សេចក្តីស្លាប់។
តែសម្រាប់ការសិក្សាថ្មីនេះវិញ បានរកឃើញផ្ទុយពីការលើកឡើងនាពេលកន្លងមក។ វាទាមទារមានការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីឱ្យឃើញកាន់តែច្បាស់ពីផលប៉ះពាល់របស់កូវីដថ្មីនេះ៕