រាជធានីភ្នំពេញ ៖ ការប្រកួតជើងឯកប៉ះគ្នានៅលើសង្វៀនស៊ីអិនស៊ី កាលពីថ្ងៃសៅរ៍ ទី១៥ មករា ក្នុងកម្មវិធីដណ្ដើមប្រាក់លានខារ៉ាបាវកីឡាករគង់ ហូវមកពីក្លិបគុហារព្រហ្មមានជ័យបានធ្វើឱ្យកីឡាករថា សារុនមកពីក្លិបពុទ្ធ សេរីវង្សខណ្ឌពោធិសែនជ័យចាញ់ដោយពិន្ទុទាំងមិនអស់ចិត្ត។
ការប៉ះគ្នារវាងកំពូលអ្នកប្រដាល់ជើងខ្លាំងទាំងពីរលើកនេះ បានធ្វើឱ្យអ្នក តាមដានការប្រកួតមានការចាប់អារម្មណ៍ខ្លាំងមែនទែន ព្រោះអីគ្រាន់តែចាប់ផ្ដើមប្រកួតទឹកទី១ភ្លាមគេទាំងពីរប្រលះគ្នាយ៉ាងចាស់ដៃ ដោយបានបញ្ជូនស្នៀតកណ្ដាប់ដៃវា.យប្រហារគ្នាយ៉ាងសាហា.វបំផុត ។
ជាពិសេសកីឡាករថា សារុន ដែលជាអ្នកប្រដាល់ជើងចាស់មួយរូបសម្បូរទៅដោយបទពិសោធន៍ពេញខ្លួន បានព្យាដើរចូលធាក់ទៅលើគង់ ហូវ យ៉ាងសន្ធាប់ហាក់បីដូចជាចង់ផ្ដួលគង់ ហូវ ឱ្យបានឆាប់បំផុត ប៉ុន្តែមិនអាចទៅរួចឡើយ ព្រោះអីគង់ ហូវ គេមិនបណ្ដោយឱ្យថា សារុន ធ្វើព្យុះភ្លៀងមកលើគេតាមតែចិត្តនោះឡើយ ។ ផ្ទុយទៅវិញ គង់ ហូវ បានបញ្ជូនស្នៀតកណ្ដាប់ដៃម៉ាត់បកសងវិញភ្លាម ដែលជាហេតុធ្វើឱ្យការប្រកួតនៅក្នុងទឹកទី១នេះកក្រើកមែនទែន ។
ការប្រកួតរវាងគូនេះនៅតែបង្កើនការសម្រុករកគ្នា ដដែលប៉ុន្តែចាប់ពីទឹកទី៣ដល់ទឹកទី៤ គង់ ហូវចាប់ផ្ដើមក្ដៅស្លឹកត្រចៀក គេបានដើរចូលបញ្ជូនស្នៀតជើងនិងស្នៀតកណ្ដាប់ដៃវាយទៅលើថា សារុន ដូចរន្ទះ ដែលជាហេតុធ្វើឱ្យថា សារុន ព្យាយាមលោតគេចចេញទាំងព្រលឹងចុងសក់ ។ ទោះជាយ៉ាងណាគង់ ហូវក៏មិនអាចដាក់សម្ពាធទៅលើថា សារុន ទាំងស្រុងបាននោះទេ តែដោយសាតែ ថា សារុន រាងធ្លាក់កម្លាំងនៅចុងទឹកទី៥បន្តិចចប់ការប្រកួតចៅក្រមទាំង៥រូបបានផ្ដល់ពិន្ទុឱ្យគង់ ហូវឈ្នះ៣-២។
កីឡាករទូច ដេវីត ក្លិបអារុណរះកីឡាផ្ដួលព្រឿង សុជាតិ ក្លិបប៉ែន កាក់គុនខ្មែរ នៅត្រឹមទឹកទី៤ ។ កីឡាករព្រឿង សុជាតិ មានឱកាសវា.យបកសងរកគ្នាបានយ៉ាងល្អបំផុតនៅត្រឹមទឹកទី២ប៉ុណ្ណោះ ប៉ុន្តែក្រោយពីត្រូវទូច ដេវីត ម៉ាត់ចូលមុខ និងបុកចូលពោះទឹកជាច្រើនជង្គង់រួចមកបានធ្វើឱ្យអ្នកប្រដាល់ចាស់វស្សាព្រឿង សុជាតិ បាត់បង់ឱកាសស្ទើតែទាំងស្រុក ខណៈការប្រកួតឈានចូលដល់ទឹកទី៣ ។ បន្ទាប់មកចូលដល់ទឹកទី៤មិនបានពាក់កណ្ដាលទឹកស្រួលបួលផង ស្រាប់តែទូច ដេវីត បុកចូលពោះទឹកជាច្រើនជង្គង់ថែមទៀត បណ្ដាលឱ្យដួលក្រោកលែងរួចតែម្ដង។
សម្រាប់ការប៉ះគ្នារវាងកីឡាករសួន ចាន់នី មកពីក្លិបបក្សីស្លាបដែក និងកីឡាករឡុង សំណាង ក្លិបសាលវ័ន្តកីឡាកាលពីថ្ងៃសៅរ៍ ទី១៥ មករា ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់លើកនេះ មិនខុសពីការទាយទុកមុននោះទេ ឡុង សំណាង ប្រកួតបានត្រឹមតែមួយទឹកប៉ុណ្ណោះ ស្រាប់តែភ្លាត់ស្នៀត បណ្ដាលឱ្យខូចជើងខាងស្ដាំប្រកួតលែងកើតតែម្ដង ហើយត្រូវានលោកអាជ្ញាកណ្ដាលបញ្ឈប់លែងឱ្យប្រកួតតែម្ដង៕