ប៉ៃលិន៖ ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ លោក ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមការងារ អញ្ជើញចុះបើកអោយដំណើរការឡើងវិញនូវទីតាំងអាជីវកម្មសណ្ឋាគារ អាហារដ្ឋាន ចំនួន ២ ក្នុងក្រុងប៉ៃលិន គឺ ១-សណ្ឋាគារ ប៉ៃលិនស៊ីធី និង ២-សណ្ឋាគារ មាស សោភា តាមរយៈសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប៉ៃលិន លេខ ០៦២ និង០៦៣/២១ សសរ បន្ទាប់ពីបុគ្គលិកបានធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃរួច ហើយមិនមានរកឃើញវិជ្ជមានជម្ងឺកូវីដ-១៩ នោះទេ។
នៅក្នុងឱកាសនោះផងដែរ លោក ចេង ញ៉ាន់ អភិបាលរងខេត្ត ក៍បានមានប្រសាសន៍ណែនាំដល់ម្ចាស់ សណ្ឋាគារ និងអាហារដ្ឋាន ដែលបានបើកអោយដំណើរការអាជីវកម្មឡើងវិញនាពេលនេះ ត្រូវពង្រឹកការគ្រប់គ្រងភ្ញៀវដែលមកស្នាក់នៅ និងចូលមកទទួលទានអាហារក្នុងអាហារដ្ឋានរបស់ខ្លួន ដោយត្រូវមានម៉ាស៊ីនវាស់កំដៅ មានអាល់កុល ឬជែលសម្រាប់លាង និងបាញ់សម្អាតដៃជាប្រចាំ ហើយត្រូវរៀបចំតុ សម្រាប់ភ្ញៀវពិសារអាហារពីមួយទីមួយរក្សាគម្លាតសុវត្ថិភាពចាប់បី ១ម៉ែត្រកន្លះឡើងទៅ ជាពិសេសតម្រូវអោយភ្ញៀវ ស្កែន QR Code កូវីដ-១៩ ទាំងអស់គ្នា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង់ភ្ញៀវដែលចេញចូល។
លោកអភិបាលរងខេត្ត ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ និងម្ចាស់ទីតាំងអាជីវកម្មនានាក្នុងខេត្ត ត្រូវចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ ៣កុំ។
សូមបញ្ជាក់ថា៖ សណ្ឋាគារនិងអហារដ្ឋាន ប៉ៃលិន ស៊ីធី ដែលមានអាស័យដ្ឋានស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងសណ្ឋាគារ និងអាហារដ្ឋាន មាស សោភា មានអាស័យដ្ឋានស្ថិតនៅភូមិបរឌិមនៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ត្រូវបានរដ្ឋាបាលខេត្តប៉ៃលិនសេចក្តីសម្រេចលេខ ០៥៤/២១ សសរ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អោយផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ដោយសារមានការពាក់ព័ន្ធនឹងករណីអ្នកជម្ងឺកូវីដ-១៩ ឈ្មោះ នុម ដុង ភេទ ប្រុស អាយុ ៣៦ឆ្នាំ មកពីរាជធានីភ្នំពេញ។
អត្ថបទ៖ លោក ញ៉ឹប បូរី