តើអ្នកមានសង្កេតឃើញសក់របស់អ្នកជ្រុះដែរឬទេ? បើត្រឹមតែជ្រុះ៥ ទៅ ៦សរសៃក្នុងមួយថ្ងៃ គឺវាមិនមានបញ្ហាអ្វីទេ។ តែប្រសិនបើសក់របស់អ្នកជ្រុះដល់ថ្នាក់ឃើញឆក នោះគឺអ្នកត្រូវរកវិធីដោះស្រាយភ្លាម។ តើអ្នកដឹងទេថា ទម្លាប់រស់នៅប្រចាំថ្ងៃ ដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យសក់ជ្រុះ? ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់៣យ៉ាង ដែលធ្វើឱ្យសក់អ្នកជ្រុះដោយមិនដឹងខ្លួន។
១. ការងូតទឹកក្ដៅ
តើអ្នកមានអារម្មណ៍បែបណាដែរនៅពេលងូតទឹកក្តៅ? ពិតជាស្រួលខ្លួនណាស់មែនទេ? បើទោះបីជាការងូតទឹកក្ដៅអាចជួយឱ្យអ្នកធូរស្បើយក្នុងអារម្មណ៍ ក៏ដូចជារាងកាយ ប៉ុន្តែវាមិនល្អសម្រាប់សក់ឡើយ។ នោះក៏ព្រោះតែទឹកក្ដៅអាចធ្វើឱ្យស្បែកក្បាលស្ងួត ហើយសក់ប្រាកដជាងាយនឹងជ្រុះ។ សក់ក៏អាចប្រែជាស្ងួត និងបែកចុងដោយងាយ ដោយសារតែទឹកក្ដៅផងដែរ។ ដូច្នេះកុំងូតទឹកក្ដៅពេក ជម្រើសដ៏ប្រសើរនោះ គឺការងូតទឹកក្ដៅឧណ្ហៗ នៅខែរងារ និង ងូតទឹកធម្មតា ប្រសិនបើមេឃមិនរងារទេ។
២. ស្ត្រេសច្រើន
ធ្លាប់ដឹងទេថា ការរស់នៅក្នុងជីវិតមួយដែលពោរពេញទៅដោយភាពតានតឹង ឬស្ត្រេសរ៉ាំរ៉ៃមិនត្រឹមតែបង្កើនហានិភ័យនៃបញ្ហាសុខភាពមួយចំនួនដូចជា សម្ពាធឈាមឡើងខ្ពស់ ជាតិស្ករក្នុងឈាមឡើងខ្ពស់ គាំងបេះដូង និងដាច់សសៃឈាមខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែក៏នាំឱ្យជ្រុះសក់ផងដែរ។ នេះក៏ព្រោះតែអរម៉ូនស្រ្តេស ជាអ្នកធ្វើឱ្យសក់ក្បាលរបស់យើងមានភាពពុកផុយ ងាយស្រួលក្នុងការជ្រុះ។
៣. ការប្រើផលិតផលគីមី
ការប្រើប្រាស់ផលិតផលសម្បូរទៅដោយសារធាតុគីមី មិនត្រឹមតែប៉ះពាល់ដល់ស្បែកក្បាល និងសក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះសុខភាពផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរប្រើប្រាស់ ឬទិញនូវផលិតផលថែរក្សាសក់ប្រភេទណាដែលផ្សំឡើងពីរូបមន្ត និងគ្រឿងផ្សំបែបធម្មជាតិ៕