ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគាំទ្រផែនការវិនិយោគវារីវប្បកម្មសមុទ្ររបស់ ក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក ព្រោះ ជួយដល់ការអភិវឌ្ឍវិស័យជលផលនៅកម្ពុជា ជាពិសេសបង្កើត ការងារជូនប្រជាពលរដ្ឋ។
ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម វេង សាខុន និងលោកស្រី ជេស៊ីកា តំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ក្នុងគោលបំណងជម្រាបជូន លោករដ្ឋមន្ត្រី ជ្រាបអំពីវឌ្ឍនភាព និងស្នើសុំការណែនាំបន្ថែម ពាក់ព័ន្ធនឹងផែនការវិនិយោគ វារីវប្បកម្មសមុទ្រក្នុងបែនៅកម្ពុជា។
លោកស្រី បានថ្លែងអំណរគុណចំពោះ រដ្ឋមន្រ្តី និងមន្ត្រីជំនាញ នៃរដ្ឋបាលជលផលដែលបានផ្តល់ឱកាស និងគាំទ្រចំពោះសំណើផែនការ វិនិយោគវារីវប្បកម្ម តាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែ នៅជិតតំបន់កោះដែកគោល និងកោះថាស ជាដំណាក់កាលទី ១ នៃផែនការវិនិយោគនោះគឺលើផ្ទៃទឹកសមុទ្រ ចំនួន ១ ៩៨៤ហិកតា ។
លោកស្រីបន្ដថា ក្រសួង និងក្រុមហ៊ុន បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ។
ជាការឆ្លើយតប រដ្ឋមន្ដ្រីកសិកម្មបញ្ជាក់ថា «គឺពិតជាសំខាន់សម្រាប់ជួយដល់ការអភិវឌ្ឍដល់វិស័យជលផលនៅកម្ពុជា និងជាពិសេសចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ បង្កើនទាំងផលត្រីសមុទ្រធម្មជាតិ និងផលត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក»។
ឯកឧត្តម បានណែនាំបន្ថែមក្រុមហ៊ុន ឲ្យបញ្ជូនឯកសារវាយតម្លៃលើផលប៉ះ ពាល់ បរិស្ថាន និងសង្គមលើគម្រោង វិនិយោគវារីវប្បកម្មសមុទ្រនេះ មកក្រសួង និងជាពិសេសត្រូវធ្វើការស្នើសុំ និងមានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមុនសិន ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អាចចុះកិច្ចព្រមព្រៀងលើការ អនុវត្តគម្រោងនេះ ជាមួយក្រុមហ៊ុនបាន ៕