ខេត្តបាត់ដំបង ៖ គ្រាន់តែចាប់ផ្ដើមប្រកួតថ្ងៃដំបូងភ្លាម ក្លិបហែលទឹក ក្រសួងសាធារណការនិងដឹកជញ្ជូនដណ្តើមបានមេដាយ១២គ្រឿងលើ៨វិញ្ញាសា ដែលនេះជាការប្រជែងបានមេដាយនាំមុខគេជាបណ្ដោះអាសន្ននៅបើកឆាកនៃព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ និងអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលកីឡាហែលទឹកបាត់ដំបងនាល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២២។
ព្រឹត្តិការណ៍នេះរៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹកប្រើប្រាស់ថវិកាឧបត្ថម្ភក្រសួងអប់រំយុវជននិងកីឡាចាប់ពីថ្ងែទី៨រហូតដល់ថ្ងៃទី១០ មករា ។ សម្រាប់ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើមបានមេដាយ១២គ្រឿង ក្នុងនោះមេដាយមាស៥គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ៣គ្រឿង ក្លិបហែលទឹកក្រសួងមហាផ្ទៃដណ្តើមបានមេដាយ៦គ្រឿងរួមមានមេដាយមាស២គ្រឿង ប្រាក់២គ្រឿងនិងសំរិទ្ធ២គ្រឿងក្លិបហែលទឹកក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុដណ្តើមបានមេដាយ៥គ្រឿងរួមមានមេដាយមាស១គ្រឿងប្រាក់១គ្រឿងនិងសំរិទ្ធ៣គ្រឿងនិងក្លិបហែលទឹកក្រសួងព័ត៌មានទទួលបានមេដាយប្រាក់១គ្រឿង។
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោកហែម គីរី បានប្រាប់ពីខេត្តបាត់ដំបងមកថា ការប្រកួតជើងឯកឆ្នាំនេះយើងធ្វើឡើងមណ្ឌលកីឡាហែលទឹកបាត់ដំបងដើម្បីផ្សព្វផ្សាយឲ្យប្រជាជន និងសិស្សានុសិស្សខេត្តបាត់ដំបងបានជ្រាប់ពីប្រភេទកីឡាហែលទឹក និងបង្កើនធនធានមនុស្សសម្រាប់ខេត្តមួយនេះ។ការប្រកួតមានក្រុមកីឡាករកីឡាការិនីនិងគណៈប្រតិភូគ្រូបង្វឹកចូលរួម១២៣នាក់ក្នុងនោះកីឡាករចំនួន ៧៤នាក់ កីឡាការិនី ៣៨ និងគ្រូបង្វឹក១១នាក់ មកពី៦ក្លិបរួមមានក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកក្រសួងមហាផ្ទៃ ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកនាគរាជខេត្តកំពង់ចាម និងក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ។
លោកបានបន្តថាដោយមានការសហការរវាងសហព័ន្ធខ្មែរកីឡាហែលទឹកនិងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជាក្នុងនោះយើងក៏ធ្វើការប្រកួតកីឡាជនពិការជើងឯកថ្នាក់ជាតិ២០២២ដើម្បីជ្រើសរើសពួកគាត់ចូលរួមជាមួយក្រុមជម្រើសជាតិ២០២២របស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ ៕