ប៉ៃលិន៖ រាត្រីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោក ឃ្លោក នួយ អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ បាននាំយកសម្ភារៈបរិក្ខាប្រឆាំងកូវីដ-១៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ទៅប្រគល់ជូនដល់កងកម្លាំង និងយុវជន សសយក ព្រមទាំងក្រុមការងារ ដែលកំពុងប្រចាំការនៅគោលដៅត្រួតពិនិត្យសុខភាពចំណុចអូរ៧៥ ស្ថិតនៅភូមិអូរ៧៥ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីប្រើប្រាស់ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ក្នុងនាមក្រុមការងារប្រចាំការគោលដៅត្រួតពិនិត្យសុខភាពចំណុចអូរ៧៥ លោក ឃ្លោក នួយ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ដែលតែងតែមានទឹកចិត្តប្រកបដោយកាយវិការយកចិត្តទុកដាក់ និងគិតខ្ពស់ពីតម្រូវការជាក់ស្ដែង របស់មន្ត្រី និងកងកម្លាំង ដែលកំពុងបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ មិនអោយចម្លងរីករាលដាលតទៅទៀត។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិនកំពុងតែយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ និងចូលមកខេត្តប៉ៃលិន ជារៀងរាល់ថ្ងៃ ដោយបានរៀបចំក្រុមការងារ ត្រួតពិនិត្យសុខភាព នៅតាមបណ្តាព្រំប្រទល់ចេញ-ចូលរវាងខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្នុងគោលបំណងធ្វើយ៉ាងណាក្តាប់នូវរាល់សភាពការណ៍ហានីភ័យ និងបញ្ហាប្រឈមនានា ពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ ដើម្បីចាត់វិធានការដោះស្រាយ និងទប់ស្កាត់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះដែរ លោក ឃ្លោក នួយ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមការងារដែលកំពុងប្រចាំការនៅគោលដៅត្រួតពិនិត្យសុខភាពចំណុចអូរ៧៥ទាំងអស់ ត្រូវយកសម្ភារៈបរិក្ខា ដែលជាអំណោយរបស់លោកជំទាវអភិបាលខេត្តនេះ ទៅចាត់ចែងប្រើប្រាស់ ក្នុងសកម្មភាពនានា ឱ្យស្របទៅនឹងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនាពេលបច្ចុប្បន្ន និងស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេស អនុវត្តអោយបានម៉ឺងម៉ាត់ «៣ការពារ ៣កុំ»។
សូមបញ្ជាក់ថា៖ សម្ភារៈបរិក្ខាប្រឆាំងកូវីដ-១៩ ដែលលោកជំទាវ បាន ស្រីមុំ ផ្តល់ដល់ក្រុមការងារដែលកំពុងប្រចាំការនៅគោលដៅត្រួតពិនិត្យសុខភាពចំណុចអូរ៧៥ រួមមាន៖ អាល់កុល ២ប៊ីដុង ស្មើនឹង ៦០លីត្រ ម៉ាស ៥ប្រអប់ ម៉ាស៊ីនវាស់កម្តៅ ១ និងប្រដាប់បាញ់អាល់កុល ១ ផងដែរ។
អត្ថបទ៖ លោក ញ៉ឹប បូរី