ខេត្តកំពង់ស្ពឺ ៖ ភ្នំឱរ៉ាល់ជាភ្នំដែលខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់ដល់១៨១៣ម៉ែត្រ ហើយស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាពិសេសភ្នំនេះមានភាពទាក់ទាញទៅលើវិស័យទេសចរណ៍ធម្មជាតិយ៉ាងស្រស់បំព្រង ។
កាលពីដើមសប្ដាហ៍នេះ លោក វ៉ី សំណាង ជាអភិបាលខេត្តកំពង់ស្ពឺ បានស្នើអាជ្ញាធរខេត្តសុំឲ្យមានការចូលរួមវិនិយោគពីវិស័យឯកជន ខណៈភ្នំនេះពោរពេញទៅដោយសម្រស់ធម្មជាតិយ៉ាងត្រកាល និងបានទទួលស្គាល់ពីភាពទាក់ទាញពីសក្ដានុពលរបស់ភ្នំឱរ៉ាល់ ស្ថិតនៅក្នុងគម្រោងរបស់រដ្ឋបាលខេត្តដែលនឹងធ្វើការអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍កម្សាន្តបែបធម្មជាតិ ។
លោកបានបន្តថា«មុនពេលធ្វើការវិនិយោគ យើងត្រូវតែមានការសិក្សាឱ្យបានលម្អិតទៅលើភាពល្អប្រសើរនៃតំបន់ និងភាពរងផលប៉ះពាល់ពីការអភិវឌ្ឍ ដើម្បីមានវិធានការការពារ ចៀសវាងមានការកាប់ទន្ទ្រានយកដីតំបន់គម្របព្រៃឈើក៏ដូចជា តំបន់ពាក់ព័ន្ធដែលអាចនឹងក្លាយជាបញ្ហាធំ»។
លោកបានបញ្ជាក់ទៀតថា «ការអភិវឌ្ឍតំបន់ជុំវិញ និងភ្នំឱរ៉ាល់ឱ្យទៅជាកន្លែងកម្សាន្តបែបធម្មជាតិ គឺត្រូវពឹងផ្អែកលើវិស័យឯកជនជាចម្បង ដែលក្រៅពីអាចលើកកម្ពស់សោភ័ណភាពតំបន់ អាចបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចខេត្ត ថែមទាំងអាចជួយបង្កើតជាផលិតផលទេសចរណ៍ថ្មីផងដែរ។
ប្រសិនបើចង់បង្កើតផលិតផលទេសចរណ៍ថ្មី ដែលទាញយកប្រយោជន៍ពីភ្នំឱរ៉ាល់ រដ្ឋាភិបាលគ្រាន់តែកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ជណ្ដើរឡើង ផ្លូវសម្រាប់ធ្វើដំណើរឡើងភ្នំ ជាពិសេសបង្រៀន និងអប់រំប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យចេះពីរបៀបលក់សេវាកម្មទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឱ្យបង្កើនគុណភាពសេវាកម្ម ដែលទាំងអស់នេះសុទ្ធតែជារឿងចាំបាច់ក្នុងធ្វើ ៕