ស្ថិតនៅចម្ងាយប្រមាណជិត ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថា ជាតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ និងជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិផងដែរ ដែលមានដូចជា តំបន់ទឹកធ្លាក់ និង តំបន់ភ្នំ ជាដើម ។
ថ្មីៗនេះ តាមរយៈមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានលើកឡើងនូវស្ពានយោលមួយកន្លែង ក្នុងខេត្តដ៏ពិសិដ្ឋមួយនេះ ដែលស្ពានមួយនោះ ត្រូវបានគេនិយមហៅថា «ស្ពានយោលឈើទាល» ។ ស្ពានយោលឈើទាល គឺជាគោលដៅទេសចរណ៍ដ៏ស្រស់ត្រកាលមួយ ដែលមានទីតាំងស្ថិតនៅភូមិ ឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្ដបាត់ដំបង មានចំងាយប្រមាណ ១០ គីឡូម៉ែត្រ ពីក្រុងបាត់ដំបង ខណៈស្ពានមួយនេះ គឺនៅទល់មុខវត្ដឈើទាលតែម្ដង ។
បើតាមការបញ្ជាក់ពីប្រភពខាងលើ បានឱ្យដឹងថា ស្ពានយោលឈើទាលនេះ មានប្រវែងប្រមាណ ១០០ ម៉ែត្រ ដើរតួជាមធ្យោបាយដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋ អ្នកដំណើរថ្មើរជើង ឬ ម៉ូតូអាចបើកបរឆ្លងកាត់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀតបាន ។
មិនតែប៉ុណ្ណោះ នៅទីនោះ មានទិដ្ឋភាពស្រស់ត្រកាល ដែលប្រិយមិត្តអាចទស្សនាទេសភាពតាមដងស្ទឹង និង អាចថតរូបលេងកម្សាន្តនៅលើស្ពានយោល ដ៏គួរឱ្យទាក់ទាញ ។ បន្ថែមលើសពីនេះ ភ្ញៀវទេសចរក៏អាចទស្សនាចម្លាក់នានា នៅក្នុងវត្ដឈើទាល និង សួនច្បារក្នុងវត្ដ ដែលមានបរិវេណធំទូលាយផងដែរ ៕