ខេត្តសៀមរាប ៖ ភ្ញៀវទេសចរជិត១៩ម៉ឺននាក់ រីករាយបុណ្យឆ្លងឆ្នាំសកល នៅសៀមរាប-អង្គរ ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដើម្បីទទួលស្វាគមន៍ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញ ក្រោយពេលប្រមុខរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ២០២១ ព្រមទាំងការបើកឲ្យដំណើរឡើងវិញ ដំណើរទេសចរវ៉ាក់សាំងនោះ រដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកលនាពេលខាងមុខ ស្របពេលគម្រោងផ្លូវ ៣៨ខ្សែនឹងត្រូវបញ្ចប់ ។
ក្នុងសកម្មភាពរៀបចំតុបតែងលម្អផ្លូវ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឲ្យកាន់តែមានភាពស្រស់ត្រកាលឡើងវិញ ដោយបំពាក់ភ្លើងបំភ្លឺសាធារណៈ និងបំពាក់ភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងរៀបចំតុបតែងសួនស្ពានព្រះរាជដំណាក់ ដើម្បីចូលរួមអបអរឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ ស្របពេលផ្លូវ៣៨ខ្សែ គ្រោងនឹងបញ្ចប់តាមផែនការដែលបានគ្រោងទុក ។
រដ្ឋបាលខេត្តសៀមរាប បានលើកឡើងការងាររៀបចំកែលម្អនេះ គឺជាការរំលេចនូវសោភ័ណភាព បៃតងនៅតាមដងស្ទឹង តាមរុក្ខវិថីនានាក្នុងក្រុង បរិវេណព្រះអង្គចេក ព្រះអង្គចម ក៏ដូចជា នៅតាមសួនច្បារ ដើម្បីរៀចំភ្លើងពណ៌នាពេលរាត្រីឲ្យកាន់តែមានការទាក់ទាញអារម្មណ៍ពី សំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីមកទស្សនាកម្សាន្តក្នុងឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២២ នេះ ។
ម្យ៉ាងទៀត ក៏ជាការរួមចំណែកក្នុងការជម្រុញការផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តសៀមរាប ក្នុងការស្តារឡើងវិញ នូវរាល់វិស័យក្នុងខេត្តសៀមរាបជាដើម។ ក្នុងបរិបទកូវីដ១៩នេះ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២១-២០២២ ដោយមានភ្ញៀវជាតិ និងអន្តរជាតិ បានអញ្ជើញចូលរួមអបអរសាទរក្នុងបុណ្យឆ្លងឆ្នាំសកល ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ មកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ភ្ញៀវទេសចរមកពីបណ្តាខេត្ត-រាជធានី បានចូលមកដើរកម្សាន្ត នៅតាមរមណីយដ្ឋាននានា រួមទាំងរាត្រីឆ្លងឆ្នាំនៅខេត្តសៀមរាប ឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២១ ឈានចូលឆ្នាំ២០២២ មានចំនួនប្រមាណជាជិត១៩ម៉ឺននាក់ ក្នុងនោះភាគច្រើនដ៏លើសលុប គឺភ្ញៀវទេសចរក្នុងប្រទេស ។
តាមការប៉ាន់ប្រមាណនោះបានឲ្យដឹងថា ភ្ញៀវអ្នកដំណើរកម្សាន្តទាំងនោះ មានមកពីបណ្តាខេត្តនានា ប្រមាណជាជិត ៧៦% គឺស្មើនឹងប្រមាណពី១៤ទៅ១៥ម៉ឺននាក់ ហើយភ្ញៀវម្ចាស់ផ្ទះមានប្រមាណជាពី៤ទៅ៥ម៉ឺននាក់ទៀត ។ ជាលក្ខណៈពិសេសគួរកត់សម្គាល់នោះ គឺការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋបានឆ្លុះបង្ហាញអំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងកំពុងស្ថិតក្នុងប្រក្រតីភាពថ្មី ទម្លាប់រស់ជាមួយកូវីដ-១៩ ហើយកត្តាប្រុងប្រយ័ត្ន គឺជាគន្លឹះស្នូលនៃសេចក្តីសុខចម្រើន ។
ក្នុងរបាយការណ៍ដដែលនោះ បានប្រាប់ឲ្យដឹងថា គោលដៅសំខាន់ៗនៃដំណើរកម្សាន្តនោះ មានដូចជារមណីយដ្ឋានអង្គរ ប្រហែលជា១៧ម៉ឺននាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនប្រហែល៥ពាន់នាក់, សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានប្រហែលជា១៤ពាន់នាក់ ។
តាមការកត់សម្គាល់ បណ្តាភ្ញៀវទេសចរទាំងនោះ បានជួបជុំគ្នាកម្សាន្តរាត្រីឆ្លងឆ្នាំនៅក្រុងសៀមរាប ដូចជានៅផាប់ស្ទ្រីត និងនៅសួនច្បារព្រះរាជដំណាក់ ។ ក៏ប៉ុន្តែយ៉ាងហោចណាស់ នៅក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំថ្មី ឆ្លងឆ្នាំសកលនេះ មានភ្ញៀវទេសចរបរទេសផ្ទៃក្នុង ប្រហែលជាង៤០០នាក់ផងដែរ ។
សូមបញ្ជាក់ផងដែរថា ក្នុងឱកាសដំណើរការឆ្លងឆ្នាំសកលនេះ ចំពោះការងារចរាចរណ៍ មានបង្កលក្ខណៈល្អ ក្នុងការសម្រួលចរាចរណ៍ទៅមកបានល្អជាងបណ្តាឆ្នាំមុនៗ ដោយខេត្តសៀមរាប ទទួលបានចំណងដៃថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នូវផ្លូវ៣៨ខ្សែ ត្រូវបានស្ថាបនារួចរាល់ ស្របពេលដែលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០២១-២០២២នេះ៕