ខេត្តប៉ៃលិន ៖ រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបរិវេណសាលាខេត្តប៉ៃលិន ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានរៀបចំកម្មវិធីជួបជុំសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន សសយក និងក្រុមការងារ ក្នុងឱកាសឆ្លងឆ្នាំសាកល ២០២១-២០២២។
បើទោះបីជាមានការជួបជុំ ក្រោមបរិយាកាសសប្បាយរីករាយក៍ពិតមែន តែមិនភ្លេចទេ នូវវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយរដ្ឋបាលខេត្ត បានចែកជូននូវឧបករណ៍ធ្វើតេស្តរហ័ស និងតម្រូវឱ្យធ្វើតេស្តមុននឹងចូលរួមក្នុងកម្មវិធី ព្រមទាំងផ្តល់ជូនអាវយឺតពណ៌លឿងឆ្លងឆ្នាំសកល២០២២ ចំនួន ១ សម្រាប់អ្នកចូលរួម និងទទួលទានអាហាររួមគ្នា ដោយមានដាក់ចង្ក្រានអាំងបង្កង មឹក បង្គារ សាច់គោ រួមជាមួយគ្រឿងភេសជ្ជ: និងម្ហូបអាហារជាច្រើនមុខទៀត ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសបានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលជាកត្កាយ៉ាងសំខាន់ ក្នុងការបង្កើតនូវសុខដុមនីយកម្មដល់ប្រជាជននៅទូទាំងប្រទេស ហើយជាក់ស្តែងក្នុងរាត្រីនេះ យើងបានជួបជុំគ្នាសប្បាយរីករាយ ពិសារអាហារជុំគ្នា និងរាំលេងកំសាន្ត ជាមហាគ្រួសារខ្មែរតែមួយ។
សូមបញ្ជាក់ថា៖ នៅក្នុងរាត្រីដ៏សែនមនោរម្យនេះផងដែរ ថ្នាក់ដឹកនាំ មន្រ្តីរាជការ មកពីមន្ទីរអង្គភាពជុំវិញខេត្ត និងយុវជន សសយក ខេត្ត បានជូនពរ រួមទាំងកម្រងផ្កា និងវត្ថុអនុស្សាវរីយ៍ ដល់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ក្នុងឱកាសឆ្លងឆ្នាំសាកល ២០២១-២០២២ ហើយឯកឧត្តម និងលោកជំទាវ ក៍បានធ្វើពិធីចាប់រង្វាន់ជាច្រើនជូនដល់អ្នកចូលរួម មានដូចជា៖ ម៉ាស៊ីនបោកខោអាវ ទូទឹកកក ទូរទស្សន៍ ទូរស័ព្ទដៃ កង់ កង្ហារ ឆ្នាំងដាំបាយអគ្គិសនី កាបូបបុរស កាបូបស្រ្តី ថវិកា និងរង្វាន់ផ្សេងៗជាច្រើនទៀត ព្រមទាំងផ្តល់ ម៉ូតូ ១គ្រឿង ជាការលើកទឹកចិត្ត ដល់យុវជនឆ្នើមម្នាក់ ឈ្មោះ ឧត្តម ភេទ ប្រុស ជាយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដែលតែងយកចិត្តទុកដាក់ក្នុងការងារមិនដែលត្អូញត្អែរ ឧស្សាហ៍ព្យាយាមគ្រប់កិច្ចការងារ ហើយលោកជំទាវនឹងបន្ត លើកទឹកចិត្តដល់យុវជនដទៃទៀត ឱ្យយកយុវជនខាងលើធ្វើជាគំរូ ។
អត្ថបទ៖ លោក ញ៉ឹប បូរី