ស្ថិតនៅភូមិភាគភាគពាយ័ព្យនៃប្រទេសកម្ពុជា ចម្ងាយប្រមាណជា ២៩១ គីឡូម៉ែត្រ បាត់ដំបង ជាខេត្តមួយដែលមានសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ និង តំបន់ទេសចរចម្រុះគ្នា មានទាំងទេសចរធម្មជាតិ និង កែច្នែ ប្រកបទៅដោយទេសភាពស្រស់ត្រកាល ដែលភ្ញៀវទាំងឡាយមិនគួរមើលរំលងក្រោយកូវីដ-១៩ រសាយទៅ ។
មានទីតាំងស្ថិតនៅភូមិ អូរស្រឡៅ ឃុំវត្តតាម៉ឹម ស្រុកសង្កែ ខេត្តបាត់ដំបង «សួនផ្ការីករាយបាត់ដំបង» មានទេសភាពបែបធម្មជាតិពណ៌ប៉ៃតងស្រស់ត្រកាល ប្រកបទៅដោយសួនច្បារចម្រុះពណ៌ ដូចជា ផ្កាសិរមាន់ ផ្កាឈូករ័ត្ន ផ្កាកូស្មូស និង ផ្កាផ្សេងៗទៀតជាច្រើន កំពុងរីករហង់ញញឹមពព្រាយស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទីឱ្យស្រស់ស្រាយជាមួយទេសភាពគួរទាក់ទាញមួយនេះ ។
យ៉ាងណាមិញ ភ្ញៀវទាំងឡាយគ្រាន់តែចំណាយក្នុងមនុស្សម្នាក់ ២០០០ រៀល ឯក្មេងៗត្រឹមតែ ១០០០ រៀលតែប៉ុណ្ណោះ ប្រិយមិត្តអាចកម្សាន្តបានយ៉ាងសប្បាយរីករាយ រួមជាមួយប្លង់ថតរូបស្អាតៗ គយគន់ផ្កាចម្រុះពណ៌ ព័ទ្ធជុំវិញទៅដោយទេសភាពវាលស្រែខៀវស្រងាត់ ទទួលទានអាហារដែលមានឱជារសបែបស្រុកស្រែក្នុងតម្លៃសមរម្យ ។
អ្វីដែលពិសេសជាងនេះទៅទៀតនោះ ប្រិយមិត្តក៏អាចជួលស្លៀកសម្លៀកបំពាក់សម្រាប់ថតរូបលេងកម្សាន្តក្នុងតម្លៃត្រឹមតែ ៤ ពាន់ ទៅ ៧ ពាន់រៀលតែប៉ុណ្ណោះ ដែលមានសម្លៀកបំពាក់បែបប្រពៃណីខ្មែរបុរាណ បែបជនបទ បែបជនជាតិដើមភាគតិច និង សម្លៀកបំពាក់បែបច្នៃប្រឌិតផ្សេងៗ ជាដើម ៕