មានប្រសាសន៍ជម្រុញយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំស្តីពីការពិនិត្យរបាយការណ៍វឌ្ឍនភាពនិងទិសដៅបន្តសម្រាប់ឆ្នាំ២០២១-២០២២ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន និងជាប្រធានផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានជម្រុញលើកទឹកចិត្តដល់មន្ទីរអភិវឌ្ឍន៍ជនបទបន្តខិតខំអនុវត្តសកម្មភាពលើវិស័យទឹកស្អាត និងអនាម័យជនបទអោយមានការរីកចម្រើនតាមការគ្រោងទុកនៅឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ហត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ អភិបាលរងក្រុងស្រុក មន្ទីរពាក់ព័ន្ធ អង្គការដៃគូរ ព្រមទាំងមន្រ្តីជំនាញផងដែរ។
លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន និងជាប្រធានផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ ពិតជាមានសារៈសំខាន់ណាស់ដែលអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តជំរុញ អប់រំ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអោយយល់ដឹងពីការប្រើប្រាស់ទឹកស្អាត និងអនាម័យនៅក្នុងក្រុមគ្រួសារ និងចូលរួមថែរក្សានូវសមិទ្ធិផលនានាដែលបានផ្តល់អោយនៅតាមសហគមន៍ ។
លោកបានបន្តថា៖ ស្នើរអោយក្រុមការងារ និងមន្ទីរពាក់ព័ន្ធត្រូវពង្រឹងវិន័យ និងសេចក្តីថ្លៃថ្នូរដោយគោរពពេលវេលាអោយបានទៀងទាត់ ព្រោះថាវិន័យ និងសេចក្តីថ្លៃថ្នូរវាធ្វើអោយយើងសម្រចការងារបានជោគជ័យនៅក្នុងផែនការគោលដៅរបស់យើង ហើយស្នើរអោយលេខាធិការដ្ឋានរៀបចំកែសម្រួលសមាសភាពក្រុមការងារPWG និងស្នើរក្រុមការងារPWG និងអាជ្ញាធរមូលដ្ឋានចូលរួមជំរុញផ្សព្វផ្សាយអោយបានទូលំទូលាយអំពីការផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទខេត្តប៉ៃលិន ស្នើរដល់មន្ទីរអភិវឌ្ឍន៍ជនបទត្រូវយកចិត្តទុកដាក់ទំនាក់ទំនងជាមួយអង្គការដៃគូដែលអនុវត្តការងារវិស័យទឹកស្អា និងអនាម័យជនបទដែលចូលមកអនុវត្តនៅក្នុងខេត្ត និងស្នើរអោយក្រុងស្រុក និងអាជ្ញាធរមូលដ្ឋានត្រូវធ្វើកិច្ចសហការសម្របសម្រួលជាមួយមន្ទីរអង្គភាព និងអង្គការដៃគូអនុវត្តការងារផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទអោយបានល្អប្រសើរ។
លោកហែម ឬទ្ធីក៏បានកោតសសើរដល់មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្រ្តីជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋានក្រុងស្រុក អង្គការដៃគូរដែលកន្លងមកបានខិតខំប្រឹងប្រែងអនុវត្តការងារលើវិស័យទឹកស្អាត និងអនាម័យជនបទមានការរីកចម្រើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
បើតាមរបាយការណ៍របស់លោក ហត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនបានអោយដឹងថា៖ របាយការណ៍វឌ្ឍនភាពរបស់មន្ទីរអភិវឌ្ឍន៍លើវិស័យទឹកស្អាត និងអនាម័យជនបទសម្រាប់ឆ្នាំ២០២១សម្រេចបានដូចជា៖ វិស័យទឹកស្អាតបានសាងសង់ប្រព័ន្ធចែកចាយទឹកបាន០១កន្លែង(មន្ទីរខ្នាតតូច២កន្លែង, អណ្តូងស្នប់អាហ្វ្រិដេវមានចំនួន៤៨៤អណ្តូង(មន្ទីរ៣៨អណ្តូង) ប្រើប្រាស់មិនបានចំនួន២៣៩អណ្តូង, ធ្វើអាងត្រងទឹកភ្លៀង៤ម៉ែត្រគូប មានចំនួន២៤២អាង, កសាងអាងត្រងទឹកភ្លៀង៣៥ម៉ែត្រគូប បានចំនួន៣អាង, ជីកស្រះក្នុងសហគមន៍មានចំនួន ៦១ស្រះ(មន្ទីរ៧ស្រះ)ប្រើប្រាស់មិនបានចំនួន៥ស្រះ, ផ្តល់ប្រព័ន្ធចែកចាយទឹកមានចំនួន ៤កន្លែង(មន្ទីរខ្នាតតូច២កន្លែង) និងអត្រាការផ្គត់ផ្គង់ទឹកឆ្នាំ២០២១( ស្មើ៦៨% ) កើនបាន១%បើធៀបឆ្នាំ២០២០ ។ ការលើកម្ពស់អនាម័យជនបទឆ្នាំ២០២១៖ បានផ្តល់សម្ភារៈបង្គន់និងសាងសង់បង្គន់អនាម័យដល់គ្រួសារក្រីក្របានចំនួន១៣៣បន្គន់, បានប្រារព្វពីធីទិវាជាតិលើកម្ពស់អនាម័យ១៣វិច្ឆិកា បានចំនួន១២លើក, បានចុះប្រមូលទិន្ន័យការលើកកម្ពស់អនាម័យសម្រេចបានរួមមាន៖ បង្គន់អនាម័យមានចំនួន ១១៩៨១បង្គន់សម្រាប់គ្រួសារក្រីក្រ(មន្ទីរចំនួន២៨១០បង្គន់), បានធ្វើការបំផុសបំផុលតាមភូមិបានចំនួន៣២ភូមិ ជាភូមិODF ក្នុង៥ឃុំសង្កាត់(ឃុំអូរអណ្តូង៦ភូមិ, ឃុំស្ទឹងកាច់១៤ភូមិ, ឃុំសាលាក្រៅ៤ភូមិ, សង្កាត់ប៉ៃលិន៧ភូមិ និងសង្កាត់អូរតាវ៉ៅចំនួន ១ភូមិ). ហើយអត្រាអនាម័យឆ្នាំ២០២១ ស្មើរ៧៥,៤% កើនបាន២,៤% បើធៀបនិងឆ្នាំ២០២០។
គួរបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យរបាយការណ៍វឌ្ឍនភាពសម្រាប់ឆ្នាំ២០២១ បានប្រកាសឯកភាពលទ្ធផលលើវិស័យទាំង២រួមមាន៖ ការផ្គត់ផ្គង់ទឹកស្អាតបានចំនួន ៦៨,២% និងការផ្គត់ផ្គង់អនាម័យជនបទបានចំនួន ៧៥,៤% ៕