ប៉ៃលិន៖ ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន ក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានបើកកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំបង្កើតក្រុមការងារដឹកនាំសម្រប សម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់ខេត្ត ស្ថិតក្រោមអធិបតីភាពឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងលោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលខេត្ត ប្រធាន-អនុប្រធាន មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត ទីចាត់ការចំណុះ អង្គការដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា។
លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នចំពោះផលិតកម្មកសិកម្មក្នុងខេត្តប៉ៃលិន គឺលើសពីការផ្គត់ផ្គង់ក្នុងស្រុក និងបាននាំចេញទៅបណ្តាប្រទេសជិតខាងទៀតផង ដោយឡែកចំពោះ ស្ថានភាពអាហារូបត្ថម្ភក្នុងខេត្តនៅជួបបញ្ហាខ្លះៗ ដែលតម្រូវឲ្យគ្រប់តួអង្គពាក់ព័ន្ឋទាំងអស់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៏ វិស័យឯកជន និងប្រជាពលរដ្ឋធ្វើការរួមគ្នាដើម្បី លុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ក្នុងខេត្តប៉ៃលិន ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភពាក់ព័ន្ធនឹង សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ហើយមិនត្រឹមតែជាការឆ្លើយតបទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកយ៉ាងសំខាន់ក្នុងការ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងការដោះស្រាយនូវទុក្ខលំបាក ការលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនថែមទៀតផង។
ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ឲ្យដឹងថា៖ ដើម្បីដោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៏ប្រកប ដោយចីរភាពឆ្នាំ២០៣០ ពិសេសគោលដៅទី២ គឺ “ បញ្ចប់ភាពស្រេកឃ្លាន សម្រេចឲ្យបានសន្តិសុខស្បៀង ធ្វើឲ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចិរភាព”។
ឯកឧត្តមអគ្គលេខាធិករ បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាប្រធាន ក្រុមការងារបច្ចេកទេសលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ គឺមានភារកិច្ចជាច្រើនដែលត្រូវអនុវត្ត ដើម្បីធានាថា យុទ្ឋសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩–២០២៣ ត្រូវបាន ផ្សព្វផ្សាយទូលំទូលាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិហើយអនុវត្តន៍អោយមានប្រសិទ្ធភាពបំផុត។
នៅឱកាសនោះផងដែរ ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ឯកឧត្តម សុខ ស៊ីឡូ បានធ្វើការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ឋទាំងអស់ ពិសេសដៃគូអភិវឌ្ឍន៏ សូមបន្តកិច្ចសហការជាមួយក្រុម ប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ក៏ដូចជា ក.ដ.ស.ស.អ ខេត្តនានា ដើម្បីយើងអាចបញ្ចប់ភាព ស្រេកឃ្លាន ធ្វើឲ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភនិងលើកកម្ពស់កសិកម្មប្រកបដោយចិរភាព នៅកម្ពុជា។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗរួមមាន៖ ទី១-ផ្សព្វផ្សាយយុទ្ឋសាស្ត្រជាតិស្តីពីសន្តិសុខ ស្បៀង និងអាហារូបត្ថម្ភលើកទី២ឆ្នាំ២០១៩–២០២៣ និងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល លេខ៩៣៤ សជណ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។ ទី២-ពិភាក្សាលើសេចក្តីព្រៀងសេចក្តីសម្រេចស្តីពីការបង្កើត ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ៕