ភ្នំពេញៈ គណៈកម្មាធិការជាតិអូឡាំពិកអន្តជាតិ (IOC) តាមរយៈគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ជាសមាជិកបានជំរុញ និងលើកទឹកចិត្តដល់ស្ត្រី ឱ្យចូលរួមក្នុងសកម្មភាពកីឡាឱ្យបានខ្លាំងក្លា និងច្រើនជាងមុន ហើយជាមួយគ្នានេះ NOCC កាលពីព្រឹកថ្ងៃទី ២០ ខែធ្នូ បានរៀបចំសិក្ខាសាលា ស្តីពីការអប់រំអូឡាំពិក និងសមភាពស្ត្រី ក្នុងវិស័យកីឡា ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្សជានារី ជាច្រើននាក់។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា៖ «បើវាយតម្លៃជាទូទៅ គឺនៅលើពិភពលោកមានស្ត្រីក្នុងកីឡា ប្រហែល ២០ ភាគរយ ចំណែកប្រទេសកម្ពុជា យើងមានស្ត្រីក្នុងកីឡាប្រហែល ២៩ ភាគរយ ចំណែកសិក្ខាសាលានេះ គឺជាកម្មវិធីប្រចាំឆ្នាំ ស្តីពីចលនាស្ត្រីក្នុងកីឡាឱ្យបានច្រើន ពិសេសគឺការផ្ទេរចំណេះដឹង ទាក់ទងនឹងបំណិនជីវិតឱ្យស្ត្រីមានភាពក្លាហាន និងចូលរួមក្នុងកីឡា ព្រោះស្ត្រីជាផ្នែកសំខាន់ មិនអាចខ្វះបាន ដូចបុរសផងដែរ»។
លោកបានបន្តថា៖ «IOCបានជំរុញឱ្យ គណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសនីមួយៗជាសមាជិកជាង ២០៤ ប្រទេស នៅជុំវិញពិភពលោក ធ្វើឱ្យមានសមភាពស្ត្រី ដូចបុរសដែរ ជាពិសេសគឺគោលការណ៍អូឡាំពិកអន្តរជាតិ ដោយបំផុសឱ្យមានស្ត្រីដឹកនាំក្នុងវិស័យកីឡាឱ្យបានយ៉ាងតិច ក៏ចាប់ពី ៣០ ភាគរយឡើងទៅដែរ ហើយគោលដៅនេះ បានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ ២០២០ មកម្ល៉េះ»។
សម្រាប់ចលនាស្ត្រី និងទឹកចិត្តរបស់ NOCC គឺ បានបើកទូលាយដល់ស្ត្រី ក្នុងការចូលរួមក្នុងកីឡា កាន់តែទូលំទូលាយ និងសារៈសំខាន់ ក្នុងកីឡា ក្នុងនោះមានការរៀបចំការបញ្ជ្រាបផ្សព្វផ្សាយ ចលនាអូឡាំពិកដល់ស្ត្រី ដើម្បីឱ្យពួកគាត់បានស្វែងយល់ពីសិទ្ធិ ក្នុងការចូលរួមកីឡា ហើយគិតមកដល់ឆ្នាំ ២០២១ នេះ ស្ត្រីក្នុងសកម្មភាពកីឡានៅកម្ពុជា មាន ៣៩ ភាគរយ គឺមានសម្ទុះកើនឡើងជិតដល់គោលដៅ។
លោក វ៉ាត់ ចំរើន បានបន្ថែមថា ក្នុងកម្មវិធីសិក្ខាសាលា ក៏ដូចការអប់រំអូឡាំពិក និងសមភាពស្ត្រី ក្នុងកីឡានេះ យើងក៏បានផ្ញើសារអំពីដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ ជូនឱ្យសិស្សានុសិស្ស បានចូលរួមគាំទ្រ ដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ជាលើកដំបូងរបស់កម្ពុជាយើង ដោយយើងត្រូវការ អ្នកស្ម័គ្រចិត្តជាង ១ ម៉ឺននាក់ចេញពីសិស្ស-និស្សិតនេះហើយ។ ហេតុនេះយើងនឹងអាចស្នើសុំរាជរដ្ឋាភិបាល និងក្រសួងអប់រំ ក្នុងការពន្យារវិស្សមកាលនៃការសិក្សា ចន្លោះការប្រកួតស៊ីហ្គេម ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ដើម្បីស្រួបយកការគាំទ្របន្ថែម ដល់ព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះ៕