ការដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់ និងការធ្វើឱ្យក្រូចឆ្មារផ្លែខុសរដូវ សម្រាប់កសិករដែលចង់ដាំក្រូចឆ្មារក្នុង លូ ស៊ីម៉ង់ចំនួន ១០០ កង់ ដោយប្រើផ្ទៃដីចំនួន ១,៦០០ ម៉ែត្រការ៉េប៉ុណ្ណោះ។ ដំបូងត្រូវចំណាយ ដើមទុនច្រើន ជាពិសេសទៅលើលូស៊ីម៉ង់ និង គម្របទា្រប់បាត បើរួមបញ្ចូលទាំងថ្លៃមែក ឬដើមក្រូច ឆ្មារ ប្រព័ន្ធទឹក។ល។ សរុបទាំងអស់នៃការដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់ ចំនួន ១០០ កង់ អស់ចំនួន ២,៧០០,០០០ រៀល។ នៅពេលដើមក្រូចឆ្មារមានអាយុ ៨ ខែ អាចបង្គាប់ឱ្យផ្លែ ខុសរដូវបាន ដោយប្រើថង់ប្លាស្ទិកគ្របដើមក្រូចឆ្មារក្នុងខែកញ្ញា និងឱ្យចេញផ្កានៅខែតុលា អាចប្រមូលផល (ក្រូចឆ្មារចាស់) នៅចន្លោះ ខែមីនា-មេសា ជាខែដែលអាចលក់ផ្លែក្រូចឆ្មារបានតម្លៃថ្លៃបំផុត។
ការរៀបចំគម្រោងក្នុងការដាំក្រូចឆ្មារ
ចំណុចសំខាន់ៗក្នុងការចាប់ផ្តើមដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់ ត្រូវវាស់ផ្ទៃដី ទទឹង x បណ្តោយ ជាមុនសិន ដើម្បីរៀបចំផ្ទៃដី។ បន្ទាប់មកទុកផ្លូវសម្រាប់ដើរប្រវែង ២ ម៉ែត្រ ចន្លោះដើមក្រូចឆ្មារពីមួយទៅមួយ ប្រវែង ១.២០ ម៉ែត្រ ចន្លោះក្នុងមួយជួរ ១.៥០ ម៉ែត្រ ដាំជាជួរលក្ខណៈគូហើយទុកផ្លូវសម្រាប់ដើរ ប្រវែង ២ ម៉ែត្រ។ ដីត្រូវធ្វើឱ្យរាបស្មើ ហើយវាស់លូស៊ីម៉ង់ឱ្យស្មើ គ្នាលក្ខណៈគូ ដើម្បីងាយស្រួលដល់ ការរៀបចំប្រព័ន្ធទឹក និងគណនាកម្លាំងទឹក អាងស្តុបទឹកចែកចេញជា ២ គឺ ទី១ ត្រូវតម្កល់លូឱ្យខ្ពស់ ប្រហែលជា ៥ កង់ ឬអាចផ្ទុកទឹកបាន ១,២០០ លីត្រ។ អាងស្តុបទឹកនេះនឹងប្រើសម្រាប់លាយជី សរីរាង្គ (ទឹក) ហើយបញ្ចូលទឹកស្អាតលាយរួចបញ្ចេញដើម្បី ស្រោចដើមក្រូចឆ្មារក្នុងលូស៊ីម៉ង់ដោយផ្ទាល់តែម្តង។ ចំណែក អាងស្តុបទឹក ១ គូ ទៀតដែលមាន លូ កម្ពស់ ៩ កង់ ប្រើសម្រាប់ស្តុកទឹកស្អាត និងជួយជម្រុញកម្លាំងទឹកពេលស្រោច។
ការត្រៀមដីដាំក្រូចឆ្មារ និងទំហំលូ
ទំហំលូស៊ីម៉ង់សូមណែនាំឱ្យប្រើលូដែលមានអង្កត់ផ្ទិត ៨០ សង់ទីម៉ែត្រ គម្របទ្រាប់បាត ៩០ សង់ទីម៉ែត្រ ដើម្បីកុំឱ្យដើម ក្រូចចាក់ឬសមកក្រៅពិបាកក្នុងការបង្គាប់ឱ្យចេញផ្កា ឬផ្លែ។ ចំណែកដី សម្រាប់ដាំត្រូវលាយដី ១/៣ លាមកគោ ១/១ និងសំបកសណ្តែកបាយ ១/២ (១/៣ មានន័យថា របស់១ ចែកជា ៣)លាយបញ្ចូលគ្នា។ ការប្រើសំបកសណ្តែកបាយ ជួយធ្វើឱ្យដីធូរ ប្រសិនជាប្រើតែ លាមកគោ និងដីធ្វើឱ្យដីណែន ពេលស្រោចទឹក ៣-៤ ថ្ងៃ ទឹកអាចមិនជ្រាបដល់បាតលូ។ ឧទាហរណ៍ៈ បរិមាណដីដែលត្រូវប្រើក្នុងការដាំក្រូចឆ្មាក្នុងលូចំនួន ១០០ កង់ ត្រូវការដីប្រហែលជា ១ ឡានដំរីទឹក (កង់១០) ចំណែកឯបច្ចេកទេសក្នុងការលាយដីត្រូវចាក់ដីជាស្រទាប់ដំបូង បន្ទាប់មកចាក់លាមកគោជាស្រទាប់ទី ២ នឹងបញ្ចប់ដោយសំបកសណ្តែកបាយជាស្រទាប់ចុងក្រោយ រួចហើយប្រើគ្រឿងសម្រាប់លាយដោយរថយន្តសម្រាបភ្ជួរដី វានឹងប្រើរយៈពេលតិចជាងប្រើកម្លាំងមនុស្ស។
បច្ចេកទេសចាក់ដីក្នុងការដាំក្រូចឆ្មារ
កន្លងមកកសិករភាគច្រើនដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់តែងតែចាក់ដីសើ្មមាត់លូប៉ុណ្ណោះ។ នៅពេលដែល ស្រោចទឹកបានតែ រយៈពេល ១ សប្តាហ៍ ដីស្រុតចុះប្រហែលជា ១ កែងដៃ ប្រសិនជាកសិករបន្ថែមដី ទៀត វានឹងកប់ដើម ឬគល់ក្រូចឆ្មារ ពេលនេះវានឹងអាចធ្វើឱ្យគល់ក្រូចឆ្មាររលួយ។ ដូច្នេះហើយ ការ ចាក់ដីក្នុងលូស៊ីម៉ង់ត្រូវចាក់ឱ្យកំពុងដូចភ្នំ ហើយឡើងជាន់ ជុំវិញមាត់លូ បរិវេណកណ្តាលមិនចាំបាច់ ជាន់ទេ ការចាក់ដីឱ្យកំពុងអាចជួយក្នុងរឿងដីស្រុតចុះមកស្មើមាត់លូបានយូរ ដល់រយៈពេល ១ ឆ្នាំ។
បច្ចេកទេសក្នុងដាំក្រូចឆ្មារ
បន្ទាប់ពីចាក់ដីរួចហើយ ត្រូវជីរណ្តៅឱ្យមានទំហំប៉ុនគ្នាទៅនឹងថង់ដែលគេផ្ស៊ាំដើមក្រូចឆ្មារ (ធម្មតា ប្រសិនជាប្រើមែកក្រូចឆ្មារ គួរផ្ស៊ាំរយៈពេលយ៉ាងយូរ 1ខែ។ យើងមិនណែនាំឱ្យទិញដើមក្រូចឆ្មារដែលបំបៅកាត់មកផ្សាំទុកច្រើនខែ ឬឆ្នាំ ដោយសារឬស វាដុះចាក់ជ្រៅ ធ្វើឱ្យមិនងាយធំឬក្រិនដើម) ដាក់ជីគីមី 16-16-16 ទ្រាប់បាតរណ្តៅប្រមាណ 1 ក្តាប់ដៃ យកថង់ខ្មៅចេញ ហើយដាំកូនក្រូចឆ្មារឱ្យសើ្មល្មមជាមួយនឹងមាត់រណ្តៅ លុបដីហើយប្រើជើងជាន់ជុំវិញដើម។ ត្រូវដោតឈើទប់ដើមក្រូចឆ្មារ ហើយយកខ្សែចង ដើម្បីការពារពេលខ្យល់បក់។ រៀបចំប្រព័ន្ធទុយយោ ដើម្បីងាយស្រួលក្នុងការស្រោចទឹក។
ការដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់បានពេញមួយឆ្នាំ
ការដាំក្រូចឆ្មារក្នុងលូស៊ីម៉ង់ កសិករអាចដាំបានពេញមួយឆ្នាំ។ ដាំហើយអាចរាប់បន្ត 8 ខែទៀត កសិករអាចបង្គាប់ ឬធ្វើឱ្យដើមក្រូចឆ្មារចេញផ្កាបាន ប្រសិនជាកសិករចង់ឱ្យក្រូចឆ្មារចេញផ្កាផ្លែដំបូងនៅរដូវក្តៅកសិករគួរដាំក្នុងខែមករា ហើយខែកញ្ញា-តុលា ឆ្នាំដដែលរួចបង្គាប់ឱ្យចេញផ្កា ទិន្នផលនៅរដូវក្តៅនឹងល្មមបេះផ្លែលក់បានតម្លៃថ្លៃនៅចន្លោះខែ មីនា-មេសា នៅឆ្នាំបន្ទាប់។ យើងអាចសង្កេតឃើញថាការដាំក្រូចឆ្មារក្នុងលូស៊ីម៉ងប្រើរយៈពេលតែ 1 ឆ្នាំជាងប៉ុណ្ណោះ កសិករអាចបេះផ្លែលក់បាន។
បច្ចេកទេសក្នុងការស្រោចទឹកក្រូចឆ្មារ តើត្រូវធ្វើយ៉ាងម៉េច?
ការផលិតក្រូចឆ្មារក្នុងរដូវប្រាំងដែលដាំក្នុងលូស៊ីម៉ង់ ចូរប្រើប្លាស្ទិកបិទមាត់លូ ដើម្បីការពារទឹក ឬទឹកភ្លៀងដែលធ្លាក់ ចុះមកក្នុងដំណាក់កាលដំបូង។ ប៉ុន្តែបញ្ហាដែលច្រើនតែជួបនោះគឺ នៅពេលដែលកសិករនាំយកប្លាស្ទិកទៅគ្រប មាត់លូស៊ីម៉ង់បែរទៅជារក្សាសំណើមដល់ដើមក្រូវឆ្មារទៅវិញ ប្រើរយៈពេលច្រើនថ្ងៃទើបដីស្ងួត។ កសិករអាចសង្កេត មើលចន្លោះខែសីហា-កញ្ញាជារៀងរាល់ឆ្នាំ ភ្លៀងមិនធ្លាក់ជាប់គ្នាជារៀងរាល់ថ្ងៃនោះទេ ក្នុងការផលិតក្រូចឆ្មារក្នុងខែប្រាំង ប្រសិនជាភ្លៀងមិនធ្លាក់ជាប់គ្នា 3-4 ថ្ងៃ ដីនៅក្នុងលូស៊ីម៉ង់នឹងចាប់ផ្តើមស្ងួត ស្លឹកក្រូចឆ្មារចាប់ផ្តើមក្រៀម បន្ទាប់មកបាញ់ ថ្នាំជម្រុញឱ្យក្រូចឆ្មារចេញផ្កា និងផ្លែបាន។
ផលិតក្រូចឆ្មារនៅខែប្រាំងអាចធ្វើបាន 2 ជំនាន់ក្នុង 1 ឆ្នាំ
ដំបូងឡើយការបង្គាប់ឱ្យក្រូចឆ្មារចេញផ្កានៅខែប្រាំងខែ 1 ជំនាន់ទេគឺ ចន្លោះខែតុលា ហើយប្រមូលផលនៅចន្លោះខែ
មេសាធ្វើឱ្យកសិករបេះផ្កាក្រូចឆ្មារចោលតាំងតែឧសភារហូតដល់ខែសីហា-កញ្ញា។ ប៉ុន្តែរយៈពេល 3-4 ឆ្នាំកន្លងមកនេះ តម្លៃក្រូចឆ្មារចាប់ផ្តើមថ្លៃតាំងតែខែមករារហូតដល់ខែមេសា ហេតុនេះហើយទើបមានការធ្វើឱ្យក្រូចឆ្មារចេញផ្កា 2 ជំនាន់ គឺៈ ប្រមូលផលលក់នៅចន្លោះខែមករា-កុម្ភៈ 1 ជំនាន់ (បង្គាប់ឱ្យចេញផ្កាចន្លោះខែកក្កដា-សីហា) និងប្រមូលផលលក់នៅ ចន្លោះខែមីនា-មេសា 1 ជំនាន់ទៀត (បង្គាប់ឱ្យចេញផ្កាចន្លោះខែកញ្ញា-តុលា) នៅពេលដែលចូលដល់ឧសភាតម្លៃ ក្រូចឆ្មារចាប់ផ្តើមចុះថោក កសិករប្រើពេលនេះដើម្បីកាត់តុបតែងមែកក្រូចឆ្មារ ព្រមទាំងបេះផ្កា ផ្លែដែលជាប់នឹងដើម ចោលឱ្យអស់។
ត្រូវកាត់តុបតែងមែកក្រូចឆ្មារដែលដាំក្នុងលូស៊ីម៉ង់ឱ្យស្អាត 3 ឆ្នាំម្តង
កសិករត្រូវកាត់តុបតែងមែកក្រូចឆ្មារដែលដាំក្នុងលូស៊ីម៉ង់ឱ្យស្អាត 3 ឆ្នាំម្តង ដោយចាប់ផ្តើមកាត់មែក និងបេះផ្លែចោលឱ្យ អស់ក្នុងចន្លោះខែឧសភា។ នៅចន្លោះឆ្នាំទី 1-2 មានការកាត់តុបតែងខ្លះដែរ ប៉ុន្តែមិនសូវច្រើន តែកសិករត្រូវធ្វើការធ្ងន់ (កាត់តុបតែងមែក) នៅពេលដែលដើមក្រូចឆ្មារមានអាយុ 3 ឆ្នាំ ព្រោះក្នុងឆ្នាំនេះដើមក្រូចឆ្មារចាប់ផ្តើមទ្រុតទ្រោម មាន មែកងាប់ច្រើន។ ការកាត់មែកធ្វើឱ្យដើមក្រូចឆ្មារបែកមែកថ្មី ហើយផ្លែក្រូចឆ្មារមានគុណភាព ក្រោយពីការកាត់តុបតែងមែក រួចនៅខែឧសភា ខែមិថុនា-កក្កដា ជាចន្លោះពេលដែលកសិករត្រូវ បំប៉ន់ដើមដើម្បីបង្គាប់ធ្វើឱ្យចេញផ្កានៅខែសីហាបានល្អ។