នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហម កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសមាជិក សមាជិកា បានប្រគល់ ជែលលាងដៃចំនួន ៧៤២កេស (ស្មើនឹង ១១៨៧២ ដប ) ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អនុសាខាស្រុក/ក្រុង មន្ទីរពេទ្យ និងស្រុកប្រតិបត្តិចំនួន៧ សម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ-១៩។ នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវ ពៅ សុខ តំណាងដ៏ខ្ពង់ខ្ពស់លោក ជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគាំទ្រនូវសកម្មភាពមនុស្សធម៌របស់សាខា ជាពិសេសសម្តេច បានជួយទំនុកបំរុងថវិកា និងសម្ភារៈ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេលនៃការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ កន្លងមក ជាពិសេសការផ្តល់ជែលលាងដៃនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីតាមគោលដៅ ក្នុងការរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតាមមូលដ្ឋាននានាឱ្យមានប្រសិទ្ធភាព។
លោកជំទាវបានបន្តថា៖ ចាប់តាំងពីមានការឆ្លងរីករាលដាលជាសកលនូវជំងឺកូវីដ-១៩ តាំងពីចុងឆ្នាំ២០១៩មក សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានយកចិត្តទុកដាក់ និងដឹកនាំមន្រ្តីក្រុមប្រតិបត្តិសាខា អនុសាខាចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាកនៅតាមសហគមន៍ និងប្រជាពលរដ្ឋដែលជាប់ធ្វើចត្តាឡីស័ក ហើយព្រមជាមួយនោះសាខាកាកបាទក្រហមខេត្តក៏បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៅតាមទីប្រជុំជនសំខាន់ៗ និងតាមសហគមន៍ជនបទមួយចំនួនផងដែរ។
លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ទាំងអស់ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដោយក្តីនឹករលឹក ប្រកបដោយការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។ ហើយគោលបំណងធំបំផុតនៃការផ្តល់ជូនជែលលាងដៃនាពេលនេះ ដើម្បីផ្ដល់បន្ដទៅដល់មន្ទីពេទ្យបង្អែក ឬស្រុកប្រតិបត្តិ ដែលជាកន្លែងទទួលពិនិត្យ-ព្យាបាលជំងឺ រួមទាំងអ្នកជំងឺកូវីដ-១៩ ជាពិសេសបានទៅដល់ដៃកងទ័ពអាវស ដែលជាអ្នកជួរមុខក្នុងការចូលរួមចំណែកទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។
លោកជំទាវបានបន្តទៀតថា៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន បានផ្តល់ជូនជែលលាងដៃនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះចំពេលដែលរដ្ឋបាលខេត្តប៉ៃលិន កំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តប៉ៃលិន ហើយចំពោះជែលដែលប្រគល់ជូន មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិចំនួន៧ ត្រូវធ្វើការបែងចែកទៅដល់ដៃអ្នកប្រើប្រាស់ឱ្យបានទាន់ពេលវេលា និងគ្រប់ទីកន្លែង។ ហើយកាកបាទក្រហមកម្ពុជា បានបន្ដចុះចែកជែលលាងដៃ និងសាខាកាកបាទក្រហមកម្ពុជានៅតាមបណ្ដាខេត្ដ និងមន្ទីរពេទ្យនានា នៅទូទាំងប្រទេស ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។
ជាចុងក្រោយលោកជំទាវនាយិកា នាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជាបានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ទាំងអស់ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនរួមទាំងមន្ទីរពេទ្យ និងស្រុកប្រតិបត្តិត្រូវសាមគ្គីគ្នានិងចូលរួមសហការជាមួយគ្នាអោយបានល្អដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជា ប្រគល់ជែលលាងដៃជូនដល់អនុសាខាក្រុងស្រុក មន្ទីរពេទ្យបង្អែកខេត្ត និងតាមមណ្ឌលសុខភាពទាំង៧ ក្នុងឃុំ/សង្កាត់រួមមាន៖អនុសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិនចំនួន៥០កេស ស្មើរនឹង ៨០០ដប, អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅចំនួន ៥០កេសស្មើរនឹង ៨០០ដប, មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនចំនួន ៥០កេស ស្មើរនឹង ៨០០ដប, មណ្ឌលសុខភាពអូរច្រារចំនួន ៥០កេស ស្មើរនឹង ៨០០ដប, មណ្ឌលសុខភាពផ្សារព្រំចំនួន ៥០កេស ស្មើរនឹង ៨០០ដប, មណ្ឌលសុខភាពសួនកុមារចំនួន ៥០កេស ស្មើរនឹង ៨០០ដប,មណ្ឌលសុខភាពភ្នំព្រាលចំនួន ៥០កេស ស្មើរនឹង ៨០០ដប,មណ្ឌលសុខភាពភ្នំស្ពង់ចំនួន ៥០កេស ស្មើរនឹង ៨០០ដប,មណ្ឌលសុខភាពក្រចាប់ចំនួន ៥០កេស ស្មើរនឹង ៨០០ដប និងមណ្ឌលសុខភាពអូរចិត្តប្រាំចំនួន ៥០កេស ស្មើរនឹង ៨០០ដប៕