ខេត្តព្រះសីហនុ ៖ ចាប់ពីម៉ោងនេះតទៅ ឆ្នេរអូរឈើទាល២«អតីតឆ្នេរអារីស្តុន» និងឆ្នេរអូរត្រេះ នឹងត្រូវបានរៀបចំជាឆ្នេរសមុទ្រសាធារណៈ និងជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ អាចមកកំសាន្តដោយសេរី ឥតមានការបង់ថ្លៃអ្វីឡើយ ។ ឆ្នេរស្អាតអនាម័យបរិស្ថានល្អ មានផាសុកភាព។
កន្លងមក រដ្ឋបាលខេត្តបានចេញ លិខិតជូនដំណឹងលេខ៤៧៣/១៩ សជណ ចុះថ្ងៃទី៤ធ្នូ ឆ្នាំ២០១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងលក់ដូរ និងអាស្រ័យផល នៅលើឆ្នេរអូរឈើទាល«អតីតឆ្នេរអារីស្តុន»និងឆ្នេរអូរត្រេះ មានទីតាំងស្ថិត នៅភូមិ៤ និងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបានបានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុរួចមក បងប្អូនប្រជាពលរដ្ឋដែលកំពុងលក់ដូរនៅនៅលើឆ្នេរអូរឈើទាល«អតីតឆ្នេរអារីស្តុន» បានចូលរួមសហការជាមួយអាជ្ញាធរ ដោយបានធ្វើការរុះរើតូប និងស្តង់លក់ដូរ របស់ខ្លួនសរុបទាំងអស់ មានចំនួន១២៦តូប បានរៀបរយជាស្ថាពរព្រមទាំងបានចូល រួមធ្វើការសម្អាតឆ្នេរខ្សាច់វិលមករកសភាពស្រស់ស្អាតឡើងវិញ។ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរនៅលើឆ្នេរអូរត្រេះ«អូរត្រេះ១ មានចំនួន ១០៨តូបស្តង់ និងអូរត្រេះ២ មានចំនួន៤៨តូបស្តង់»បានរុះរើរួចរាល់ជាស្ថាពរ។
រដ្ឋបាលខេត្តព្រះសីហនុ សូមកោតសរសេីរនិងថ្លែង អំណរគុណដ៏ជ្រាលជ្រៅបំផុតដល់បងប្អូនប្រជា ពលរដ្ឋ ដែលមានការយល់ដឹងអំពី ប្រយោជន៍ សាធារណៈ និងបានចូលរួមសហការក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកែលម្អ សោភ័ណ ភាពឆ្នេររបស់យើងឡើងវិញ។
សូមបញ្ជាក់ផងដែរថា សំណង់តូបស្តង់របស់បងប្អូនប្រជាពលរដ្ឋ ដែលបានសាងសង់នៅលើឆ្នេរអូរត្រេះភាគច្រើនជាសំណង់រឹងមាំ ដែលបានចាក់សាប បេតុងនៅលើឆ្នេរខ្សាច់ដោយផ្ទាល់ និងមានមួយ ចំនួន សង់ជាប់មាត់ទឹកតែម្តង ក្នុងនោះផងដែរ បន្ទាប់ពីធ្វើការរុះរើតូបស្តង់ទាំងនោះរួច គឺយើងប្រទះឃើញនូវលូស្តុកលាមក និងសំណល់ផ្ទះបាយ ចំនួន១៣៦លូ ដែលបានបង្កប់ក្នុងឆ្នេរខ្សាច់ផងដែរ។
ជាចុង ក្រោយរដ្ឋបាលខេត្តសូមបញ្ជាក់ថា ការរុះរើតូប និងស្តង់លក់ដូរនៅលេីឆ្នេរអូរឈេីទាលពីរ និងឆ្នេរអូរត្រេះនេះគឺមិនមែនយកដីទៅឱ្យក្រុមហ៊ុន ឬអង្គភាព អាជីវកម្មឯកជន ណាមួយធ្វើការវិនិយោគនោះឡើយ គឺដើម្បីរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកែលម្អ សោភ័ណភាពឆ្នេររបស់យើងឡើង វិញ ដោយរក្សាទុកជាឆ្នេរ សាធារណៈ និងជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមកកំសាន្តដោយសេរីឥត មានបង់ថ្លៃអ្វីឡើយ។ សូមបងប្អូនប្រជាពលរដ្ឋយើង មេត្តាចូលរួមសហការគាំទ្រ និងផ្តល់ជាកម្លាំងចិត្តដល់ក្រុមការងារ រដ្ឋបាលខេត្តព្រះសីហនុឱ្យដំណើរ ការរៀបចំនេះប្រព្រឹត្តទៅដោយជោគជ័យ ៕