ល្អាងភ្នំបាយសី ដែលមានទីតាំងស្ថិតក្នុងភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនគឺជាទីសក្ការរបស់មនុស្សសម័យបុរាណ ចំណែកទីតាំងដែលនៅជុំវិញនេះក៏អាចជាទីកន្លែងរស់នៅ ឬ ទីប្រជុំជនមួយរបស់មនុស្សកាលពីសម័យបុរាណផងដែរ។ បច្ចុប្បន្ននេះល្អាងភ្នំបាយសី ជាទីតាំងដែលមានសក្កានុពលខ្ពស់សម្រាប់អភិវឌ្ឍន៍ជាតំបន់ទេសចរ សម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកលេងកំសាន្តនៅក្នុងខេត្តប៉ៃលិន។ ល្អាងភ្នំបាយសី មានទេសភាពល្អ ស្រស់ត្រកាល មានល្អាងភ្នំធំៗចំនួន៣ គឺ ល្អាងភ្នំបាយសី ល្អាងសុបិន្ត និង ល្អាងតាកំប៉ោង។
តាមសង្ឃដីការរបស់ព្រះចៅអធិការវត្ត លំអងបទុមភ្នំបាយសី ហៅវត្តបាយសី បានអោយដឹងថា ល្អាងភ្នំបាយសី និងដីដែលស្ថិតនៅបរិវេណជុំវិញភ្នំនេះ ប្រជាពលរដ្ឋជាច្រើនបានប្រទះឃើញមានវត្ថុបុរាណមួយចំនួន នៅពេលដែលពួកគាត់ភ្ជូរដីដើម្បីធ្វើចំការ។
លោក អ៊ី លីឈុន អនុប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តប៉ៃលិន ដែលបានដឹកនាំក្រុមការងារចុះសិក្សាអំពីល្អាងភ្នំបាយសី បានសន្និដ្ឋានថា យោងតាមភស្តុតាង វត្ថុបុរាណដែលប្រជាពលរដ្ឋបានរកឃើញ មានដូចជា បំណែកកុលាលភាជន៍, ក្រុមការងារ អាចសន្និដ្ឋានជាបឋមថា ល្អាងភ្នំបាយសីអាជាទីសក្ការរបស់មនុស្សសម័យបុរាណ និងទីតាំងដែលនៅជុំវិញនេះ អាចជាទីកន្លែងរស់នៅ ឬជាទីប្រជុំជនមួយ របស់មនុស្សកាលពីសម័យបុរាណជាក់ជាមិនខាន។ លោកបានបន្តថា ដោយពីនិត្យលើទេសភាព ដ៏ស្រស់ត្រកាល និងលក្ខណៈធម្មជាតិដ៏ល្អ នៃល្អាងភ្នំបាយសី គឺអាចកែលំអ អភិវឌ្ឍន៍ជារមណីយដ្ឋានទេសចរដ៏ស្រស់ស្អាតមួយទៀតរបស់ខេត្តប៉ៃលិន៕