ខេត្តប៉ៃលិន ៖ ដោយសង្កេតឃើញតម្លៃទីផ្សារហក់ឡើងខ្ពស់ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន ដែលប្រកបរបរដាំដំឡូងមី បាននាំគ្នាសម្រុកប្រមូលផលលក់ឱ្យឈ្នួញនៅតាមស្តង់នីមួយៗ ទោះបីជាមិនទាន់គ្រប់ខែក៏ដោយ។ ជាក់ស្តែងមានកសិករម្នាក់ឈ្មោះ ប្រាក់ សារ៉ាន ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានដាំដំឡូងមីចំនួន៤ហិកតា នៅលើដីចម្ការរបស់ខ្លួន កំពុងមមាញឹកក្នុងការប្រមូលផល។
បើតាមការរៀបរាប់របស់ស្ត្រីជាម្ចាស់ចម្ការខាងលើបានឱ្យដឹងថា រហូតមកដល់ពេលនេះ គាត់ចាប់ផ្តើមជួលកម្មករ ឱ្យប្រមូលផលដំឡូងមីនៅក្នុងចម្ការរបស់ខ្លួនហើយ ខណ:តម្លៃទីផ្សារហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ដោយឈ្មួញទិញ១គីឡូក្រាម តម្លៃ២.៤ទៅ២.៥ បាទ (ប្រាក់ថៃ)។ គាត់បន្តទៀតថា ដំឡូងមីរបស់គាត់ទាំង៤ហិកតាខាងលើនេះ មានការខូចអស់ច្រើនស្ទើរតែពាក់កណ្តាលដោយសារតែប៉ុន្មានខែមុននេះ មានភ្លៀងធ្លាក់ជោកជាំរាល់ថ្ងៃ លុះជាំទឹក ក៏បណ្តាលឱ្យមើមដំឡូងមីរងនូវការរលួយ។ នៅពេលនេះ ដោយសង្កេតឃើញតម្លៃទីផ្សារឡើងខ្ពស់ ទោះបីជាមើមដំឡូងមីមិនទាន់គ្រប់ខែត្រូវប្រមូលផល ដោយនៅសល់ប្រហែល៣ខែទៀត ក៏គាត់ជួលកម្មករឱ្យចុះទៅដកមើមដំឡូងមីនេះលក់ដែរ។
កសិករខាងលើបញ្ជាក់ទៀតថា កាលពីឆ្នាំមុន ដំឡូងមីនៅក្នុងចំការរបស់គាត់ប្រមូលផលបានប្រហែល៦០តោនដែរ តែនៅឆ្នាំនេះ ទើបប្រមូលផលបានប្រហែល៣០តោនប៉ុណ្ណោះ ព្រោះរលួយអស់ជាងពាក់កណ្តាល ហើយមើលទៅមិនខាតប៉ុន្មាននោះទេ ព្រោះតម្លៃឡើងខ្ពស់ អាចទូទាត់ទៅបានថវិកាប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ៕