លោក ចេង ញ៉ាន់ អភិបាលរងខេត្តក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញអោយមន្ត្រីជំនាញសាខាពន្ធដារខេត្តប៉ៃលិនសហការជាមួយអាជ្ញាធរដែនដី ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋអំពីតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ជៀសវាងមានការយល់ច្រលំ។។លោកអភិបាលរងខេត្តបាន ជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំ ស្តីពីការកែសម្រួលបែងចែកភូមិសាស្រ្ត និងតម្លៃ អចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ឋប្រថាប់ត្រា ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន នាព្រឹក ថ្ងៃទី ១៤ខែធ្នូ ឆ្នាំ ២០២១ នៅសាលប្រជុំ សាលាខេត្តប៉ៃលិន។
លោកអភិបាលរងខេត្តបានបន្តថា ការងារពន្ធដារ ពិតជាវិស័យដែលមានសារៈសំខាន់ណាស់ ក្នុងការជួយប្រមូលពន្ធលើអចលនទ្រព្យ ដែលអាចជួយបង្កើនប្រាក់ចំណូលថវិកាជាតិ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនទៅមុនបន្តទៀត ។ ហើយលោកអភិបាលរងខេត្តក៍បានសង្កត់ធ្ងន់ថា ចំពោះការធ្វើបច្ចុប្បន្នភាព នៃតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រានេះ គឺមន្ត្រីជំនាញពន្ធដារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការកំណត់តម្លៃ និងកំណត់តំបន់ឲ្យសមស្របទៅនឹងភូមិសាស្ត្រទាំងតំបន់ទីប្រជុំជន ជាពិសេសតម្លៃសេដ្ឋកិច្ចដីធ្លីមានលក្ខណៈខុសគ្នា ដើម្បីចៀសវាងនៅពេលចុះអនុវត្តមានការតវ៉ាពីអ្នកទទួលសេវា ហើយអាជ្ញាធរដែនដីនិងមន្ត្រីជំនាញត្រូវសហការគ្នាធ្វើកិច្ចការងារនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ហើយការប្រជុំនេះដែរ គឺមានគោលបំណងពិនិត្យឡើងវិញនូវឧបសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ដើម្បីធ្វើការកែសម្រួលនូវភាពខ្វះចន្លោះជាលក្ខណៈបច្ចេកទេស និងតម្លៃឲ្យស្របតាមស្ថានភាពជាក់ស្តែង នៃវិស័យអចនលសទ្រព្យជាពិសេសតម្លៃដីធ្លីមានលក្ខណៈខុសគ្នាទាំងភូមិសាស្រ្ត និងជីវភាពរស់នៅប្រជាពលរដ្ឋ។
បើតាមការបញ្ជាក់របស់លោក ផាវឌី ណូរិន ប្រធានសាខាពន្ធដារខេត្តប៉ៃលិន បានឲ្យដឹងថាៈ យោងតាមប្រកាសថ្មីនេះការកំណត់តម្លៃ គឺមិនឲ្យលើសពី ៨០% នៃតម្លៃជាក់ស្តែងនៅលើទីផ្សារនោះឡើយ ក្រៅពីការធ្វើបច្ចុប្បន្នភាពតម្លៃប្រការនេះ ក៏មានការកែសម្រួលទាក់ទងទៅនឹងភូមិសាស្ត្រនានា ដោយបន្ថែម ឬ កែសម្រួលកំណត់ផ្លូវមេបន្ថែម តំបន់អភិវឌ្ឍន៍ ដែលទើបតែបង្កើតថ្មី ជាដើម។ លោកបន្តទៀតថា៖កន្លងទៅរាជរដ្ឋាភិបាល បានសម្រេច ធ្វើបច្ចុប្បន្នភាពឡើងវិញ នៅឧបសម្ព័ន្ធ ស្តីពីការបែងចែក ភូមិសាស្ត្រ និងតម្លៃ អចលនទ្រព្យ សម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលបាននិងកំពុង អនុវត្តន៍អស់រយៈពេលជិត ១០ឆ្នាំកន្លងមកហើយ ដើម្បីស្របតាមការរីកចម្រើននៅកម្ពុជាហើយ បច្ចុប្បន្នក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញនូវប្រកាស ស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យ ៕