ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្រោមការដឹកនាំ ចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រោមការជួយឧបត្ថម្ភគាំទ្រពីគណកម្មាធិការអន្តរជាតិកាកបាទក្រហម(ICRC), សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានចុះធ្វើការអប់រំផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តប៉ៃលិនបានចំនួន ១,៣៥៦ ខ្នងផ្ទះ និងមានអ្នកចូលរួមចំនួន ៥,៥៨៥នាក់ ស្រី ៣,០៧៤នាក់, ជនចំណាកស្រុក ២៧នាក់ ស្រី១១នាក់, ក្នុងនោះអ្នកកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កសៃឡូតាម៉ៅ ចំនួន ៤១៧ នាក់ ស្រី ១៧០ នាក់ អ្នកជាប់ឃុំនៅក្នុងពន្ធនាគារ ៣០នាក់ ស្រី ៥នាក់, ចែកម៉ាស់ ៥១ ដុំធំ ស្មើនឹង ២,៥៥៣បន្ទះ សាប៊ូ ១កេសធំ ស្មើនឹង ៧២ ដុំតូច អាល់កុល ៤០លីត្រ ប័ណ្ណផ្សព្វផ្សាយ ៣កុំ ៣ការពារ ចំនួន ៦៥០សន្លឹក ផ្ទាំងរូបភាព ៣កុំ ៣ការពារ ចំនួន ១៣៨ សន្លឹក។
ចន្លោះវេលាម៉ោង១:០០ ដល់ម៉ោង ២:០០ នាទីរសៀល សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិនក៏បានសហការជាមួយ វិទ្យុជាតិ FM90.5MHz រៀបចំផ្សាយការបន្តផ្ទាល់ ពីកិច្ចសម្ភាសន៍ជាមួយវាគ្មិនតាមរលកវិទ្យុជាតិខេត្តប៉ៃលិន ក្រោមប្រធានបទ ” ការពិគ្រោះយោបល់អំពីកូវីដ-១៩ ” ដែលមានការអញ្ជើញចូលរួមសម្របសម្រួលពីវាគ្មិនចំនួន ២រូប គឺ លោកវេជ្ជបណ្ឌិត យក់ សុវណ្ណ អនុប្រធានមន្ទីរសុខាភិបាល និង កញ្ញា អាន់ លីណា មន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សរុបបានចំនួន ៦លើក។
ឯកឧត្តម ឌិន គឹម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ខ្លឹមសារដែលកាកបាទក្រហមកម្ពុជាខេត្តចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ នាពេលនេះ គឺ សំដៅដល់ការណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ស្តីពីការបង្ការទប់ស្កាត់នៃមេរោគ កូវីដ-១៩ ក៏ដូចជាការការដាស់តឿនបន្ថែម ដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ និងជាប្រចាំនូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ទោះបីបានចាក់វ៉ាក់សាំងគ្រប់ដូសហើយក៏ដោយ។ ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចូលរួមស្ដាប់ និងសួរសំណួរបន្ថែមទៀត ទាក់ទងទៅនឹងការការពារជំងឺរាតត្បាតកូវីដ-១៩ តាមវិទ្យុជាតិ FM 90.5 MHz ខេត្តប៉ៃលិន ព្រមទាំងចែកម៉ាស់ បាញ់អាល់កុល នឹងបិទរូបភាពបីកុំ បីការពារ ខ្នាតតូច និងខ្នាតធំផងដែរ។
លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ថា ការងារទប់ស្កាត់ការចម្លងរាលដាលនៃជំងឺកូវីដ-១៩ គឺជាការងារអាទិភាពមួយ ដែលលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន មានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា និងជំរុញការអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារសុខភាព អាយុជីវិតរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាផងដែរ។ លោកជំទាវបានមានប្រសាសន៍បន្តថា ជំងឺកូវីដ-១៩ មិនបានទៅណាឆ្ងាយពីយើងទាំងអស់គ្នានោះទេ, ជំងឺនេះនឹងឆ្លងមកដល់យើងទាំងអស់គ្នាភ្លាម ប្រសិនបើពួកយើងធ្វេសសប្រហែស គ្មានការប្រុងប្រយ័ត្ន។ លោកជំទាវបានមានប្រសាសន៍បន្តទៀតថា ដើម្បីការពារកុំអោយឆ្លងមេរោគ កូវីដ-១៩ យើងត្រូវអនុវត្តន៍ឲ្យបានតាមការណែនាំរបស់រាជរដ្ឋាភិបាល គឺ ៣កុំ , ៣ការពារ នឹងត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។ វិធានការ ៣កុំ គឺ កុំទៅទីកន្លែងបិទជិត គ្មានខ្យល់ចេញចូល, កុំចាប់ដៃគ្នា ឬអោបគ្នា , កុំទៅទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន។ វិធានការ ៣ការពារ គឺ ត្រូវពាក់ម៉ាសអោយបានត្រឹមត្រូវ , ត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែលលាងដៃ ឲ្យបានញឹកញាប់, ត្រូវរក្សាគំលាតគ្នា អោយបានយ៉ាងតិច ១ម៉ែត្រកន្លះ៕ ដោយ៖ វួច ពឿន AKP ប៉ៃលិន