រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៣ ធ្នូ នេះ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាទូកក្ដោង ជើងឯកអាស៊ីអាគ្នេយ៍ជាផ្លូវការហើយ ដោយមានកីឡាករមកពីបណ្ដាប្រទេសមួយចំនួនចូលរួមប្រកួតដណ្ដើមមេដាយ។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ បានព្យាករណ៍ថា ការរៀបចំប្រកួតលើកនេះ នឹងក្លាយជាបទពិសោធន៍សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជឿទាំងស្រុងថា កម្ពុជានឹងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងតំបន់ ក្រោយការធ្វើជាម្ចាស់ផ្ទះនេះ។
លោកបណ្ឌិត ថោង ខុន បានថ្លែងកាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ក្នុងឱកាសដឹកនាំប្រតិភូចុះពិនិត្យទីតាំងប្រកួត និងសួរសុខទុក្ខប្រភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី មុនចាប់ផ្ដើមការប្រកួតផ្លូវការព្រឹត្តិការណ៍ប្រចាំតំបន់នេះថា នេះគឺជាមុខមាត់ធំមួយរបស់កម្ពុជា ដែលកម្ពុជាបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ។ បើទោះជាលទ្ធផលមានផ្លែផ្កាបែបណា តែកម្ពុជាត្រូវតែរៀបចំការប្រកួតនេះអោយបានល្អ ដើម្បីមុខមាត់ក្នុងតំបន់។
តាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការរៀបចំកីឡាទូកក្ដោង ជើងឯកអាស៊ាននេះ បានឲ្យដឹងថា មកទល់ពេលនេះ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី រួមទាំងអ្នកជំនាញ និងគណៈកម្មការអន្ដរជាតិ បានមកជួបជុំគ្នានៅខេត្ដព្រះសីហនុហើយ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តមបណ្ឌិត ថោង ខុន ជាមួយការទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ ហូបចុក និងការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ យ៉ាងល្អប្រសើរទៀតផង។
លោកមានប្រសាសន៍ថា អត្ដពលិក ដែលចូលរួមការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីគ្នេយ៍ លើកដំបូងនៅកម្ពុជានេះ គឺមាន៣ប្រទេស រួមមាន គឺសិង្ហបុរី ម៉ាឡេស៊ី និងម្ចាស់ផ្ទះកម្ពុជា ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ២៧នាក់។ ហើយនៅល្ងាចថ្ងៃអាទិត្យ ក៏ជាព្រឹត្តិការណ៍បើកការប្រកួត ដោយគណៈកម្មការរៀបចំព្រឹត្តិការណ៍ រៀបចំពិធីបើកការប្រកួត ដែលមានលោកបណ្ឌិត ថោង ខុន មុនដំណើរការធ្វើជាគណៈអធិបតីផងដែរ។
ការប្រកួតជាផ្លូវការ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ដោយមកទល់ពេលនេះ ទឹកដីខេត្តព្រះសីហនុទាំងមូល ក៏ត្រូវបានរៀបចំចាត់ចែងយ៉ាងល្អ ដើម្បីអោយការប្រកួតមួយនេះ ទទួលបានភាពទាក់ទាញ។ កីឡាករកម្ពុជា បានបង្ហាញពីការត្រៀមខ្លួនមិនអន់ឡើយ សម្រាប់ព្រឹត្តិការណ៍នេះ ហើយការប្រកួតទាំងមូលក៏រំពឹងថា នឹងអាចអោយកីឡាករកម្ពុជា ដណ្ដើមបានមេដាយច្រើនផងដែរ បើទោះជាកីឡាករបរទេសដែលចូលរួមប្រកួតសុទ្ធតែមានប្រវត្តិខ្លាំងៗ។
ការប្រកួតនេះ តាមគម្រោងត្រូវមានប្រទេសក្នុងតំបន់ចូលរួមច្រើន តែដោយសារបញ្ហាកូវីត១៩ ទើបការចូលរួមត្រូវមានការខកខាន ហើយចូលរួមបានតែមួយចំនួន តែកម្ពុជាក៏មិនអាចមើលស្រាលគូប្រកួតបានដែរ ដោយសារតែព្រឹត្តិការណ៍នេះ មានតិចប្រទេសចូលរួមមែន តែកីឡាករទាំងនោះក៏សុទ្ធតែខ្លាំង ដែលមិនអាចអោយមើលស្រាលបានឡើយ សម្រាប់ការដណ្ដើមមេដាយក្នុងនាមជាម្ចាស់ផ្ទះ ៕