ប៉ៃលិន៖ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ ការរៀបចំលេខាធិការដ្ឋាន និងតម្រង់ទិសលើទម្រង់របាយការណ៍ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ខេត្ត ក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្តម រាជ សុភទ្ធ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន (ក.រ.ម) ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងនៃគណៈអភិបាលខេត្ត ក្រុមការងារលេខាធិការដ្ឋាន ក.រ.ម ក្រុមលេខាធិការដ្ឋានថ្នាក់ខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងក្រុមលេខាធិការដ្ឋានថ្នាក់ក្រុង ស្រុក ផងដែរ។
នាឱកាសនោះ ឯកឧត្តម ហុក សុផល អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន នាពេលកន្លងមកនេះ បានបំពេញបេសកកម្មរបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ ចុះជាប់ជាមួយនឹងមូលដ្ឋាន ដើម្បីតាមដានរាល់ការអនុវត្ត តួនាទី ភារកិច្ច របស់អាជ្ញាធរ នៅថ្នាក់មូលដ្ឋាន លើការផ្តល់សេវា ជូនពលរដ្ឋ ដោយបានក្តាប់នូវរាល់បញ្ហាប្រឈម ដែលបានកើតឡើង តាមរយៈការធ្វើវេទិកាសាធារណៈ រវាងប្រជាពលរដ្ឋ និងក្រុមការងារ ។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ស្ថិតនៅក្នុងបរិបទ នៃការរីករាលដាល ជំងឺកូវីដ-១៩ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន នៅតែបានបន្តចុះមូលដ្ឋាន ដោយបានធ្វើការ ផ្សព្វផ្សាយ អំពីវិធានការនានារបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ដើម្បីបង្កើនការប្រុងប្រយ័ត្ន ជូនប្រជាពលរដ្ឋ ហើយក្រៅពីនោះ ក៍បានផ្តល់ជាជំនួយជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារស្ថានភាព នៃការរីករាលដាល នៃជំងឺកូវីដ-១៩ ផងដែរ ។
ឯកឧត្តម រាជ សុភទ្ទ អនុប្រធានអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋាន (ក.រ.ម) បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចការងារដោយការទទួលខុសត្រូវ និងអនុវត្តបានតាមតួនាទី ភារកិច្ច ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ។
ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា៖ ក្រុមការងារដែលបង្កើតឡើងនេះ ដើម្បីអនុវត្ត សកម្មភាព ក្នុងការត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយនានា និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅតាមមូលដ្ឋាន ដែលខ្លួនទទួលបន្ទុក ដោយលើកកម្ពស់ ការទទួលខុសត្រូវ របស់ក្រសួង ស្ថាប័ន ក៏ដូចជា រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបំពេញ ការងារ តាមរយៈការត្រួតពិនិត្យ តាមដាន និង គាំទ្រការអនុវត្តកម្មវិធី គំរោង និងផែនការ សកម្មភាពនានា នៅតាមមូលដ្ឋាន ដើម្បីសហការដោះស្រាយបញ្ហាប្រឈម និងការលំបាកនានា របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះមានគោលបំណងសំខាន់៖ ១-បង្ហាញពីលទ្ធផលការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ដែលបានអនុវត្តនៅក្នុងឆ្នាំ ២០២០ កន្លងមក។ ២-ណែនាំឲ្យស្គាល់ពីតួនាទី ភារកិច្ច របស់ក្រុមលេខាធិការដ្ឋាន ក.រ.ម ក្រុមលេខាធិការដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ដែលជាសេនាធិការផ្ទាល់ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ខេត្ត និងក្រុង ស្រុក។ ៣-បទបង្ហញពីទម្រង់របាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ដើម្បីរៀបចំឲ្យមានការឯកភាពគ្នា ទូទាំង២៥ រាជធានី ខេត្ត ងាយស្រួលដល់ក្រុមលេខាធិការដ្ឋាន ក.រ.ម បូកសរុបរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ៕