រាជធានីភ្នំពេញ ៖ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Lee Tae Hoon ត្រូវបានក្លិបបាល់ទាត់វិសាខា ប្រកាសតែងតាំង
ជាគ្រូបង្គោលថ្មីរបស់ក្លិបដើម្បីត្រៀមការប្រកួតនារដូវកាលឆ្នាំ២០២២ ។ នេះបើយោងតាមការប្រកាសរបស់ក្លិបបាល់ទាត់វិសាខា នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីព្រឹកថ្ងៃទី០៨ ធ្នូ ឆ្នាំ២០២១ ។
ក្លិបម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោហ៊ុន សែន ២សម័យកាល វិសាខា បានប្រកាសតែងតាំងលោក Lee Tae Hoon គឺជាគ្រូបង្គោលថ្មីនេះ ធ្វើឡើងបន្ទាប់ពីក្លិបបានប្រកាសចែកផ្លូវជាមួយលោក Colum Curtis ជាគ្រូបង្គោលរបស់ក្លិបទាំងដែលការប្រកួតប្រជែងក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) រដូវកាល២០២១ មិនទាន់បញ្ចប់ផងនោះ ។ ក្នុងរដូវកាល២០២១នេះ គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះដឹកនាំវិសាខាបាន១៣ប្រកួត ឈ្នះ៨ ស្មើ៤ និងចាញ់១ប្រកួត មាន២៨ពិន្ទុ ឈរលេខ៤ក្នុងតារាងលីគកំពូលគិតត្រឹមសប្ដាហ៍ទី១៥។
គួរបញ្ជាក់លោក Lee Tae Hoon ត្រូវបានក្លិបកងយោធពលខេមរភូមិន្ទ (ទ័ព) ប្រកាសតែងតាំងជាគ្រូបង្គោលនៅ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ជាមួយកិច្ចសន្យារយៈពេល២ឆ្នាំ ខណ:គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះទើបតែដឹកនាំក្រុមបានត្រឹមតែ៥ខែកន្លះប៉ុណ្ណោះ ក៏ត្រូវបានក្លិបសម្រេចបញ្ចប់កិច្ចសន្យាមុនពេលកំណត់ បន្ទាប់ពីដឹកនាំក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៧ នៅក្នុងលីគកំពូល និងធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយក្នុងពានសម្តេចតេជោ។
មុនពេលត្រឡប់មកកម្ពុជាវិញ លោក Lee Tae Hoon បានដឹកនាំក្លិប HOANG ANH Gia Lai FC នៅក្របខ័ណ្ឌលីគទី១របស់ប្រទេសវៀតណាម ចំនួន១រដូវកាល(២០១៩-២០២០) ក្នុងតួនាទីជានាយកបច្ចេកទេស ។ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះ ជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ចាប់ពីឆ្នាំ២០១០-២០១២ ។ ក្រោយមកគ្រូបង្វឹករូបនេះត្រូវបានតែងតាំងដឹកនាំក្រុមជម្រើសជាតិកម្ពុជា ម្ដងទៀតនៅឆ្នាំ២០១៣ ដល់២០១៦ មុននឹងមកដឹកនាំជម្រើសជាតិអាយុក្រោម១៥ឆ្នាំ ពីឆ្នាំ២០១៦ ដល់២០១៨៕