ខេត្តរតនគីរី ៖ ខណៈកូវីដ-១៩ នៅកម្ពុជា ហាក់ស្ងប់ស្ងាត់មិនមានអ្នកឆ្លងថ្មី ហើយអ្នកជំងឺកូវីដ-១៩ ទាំង ១២២ នាក់កន្លងមក ក៏ត្រូវបានព្យាបាលជាសះស្បើយអស់ត្រឹមថ្ងៃទី ១៦ ឧសភា ដូច្នេះវាក៏ជាពេលវេលាដែលយើងអាចដើរលេងកំសាន្តអារម្មណ៍ផងដែរ តែក៏មិនត្រូវភ្លេចកូវីដ-១៩ ឡើយ ។ ត្រង់នេះមានន័យថា បងប្អូនចូរបន្តប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានអនាម័យឲ្យបានខ្ជាប់ខ្ជួនរាល់ការធ្វើដំណើរទៅកំសាន្តនៅរមណីយដ្ឋាននានា ។
យ៉ាងណាមិញ ស្ថិតនៅភាគឦសាន្តនៃប្រទេសកម្ពុជា ខេត្តរតនគិរី គឺជាដែនដីសម្បូរទៅដោយព្រៃព្រឹក្សា ធម្មជាតិ និងអាកាសធាតុដ៏ត្រជាក់។ ខេត្តមួយនេះគឺសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ម្ហូបប្រចាំតំបន់មួយចំនួនដែលអ្នកមិនបានដឹង និងគួរតែសាកល្បងពេលបានទៅលេងខេត្តមួយនេះ។
កុំអោយស្តាយក្រោយពេលទៅកាន់តំបន់មួយនេះហើយមិនបានទៅលេង និងមើលទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៅទីនោះ ខាងក្រោមនេះជាតំបន់កំសាន្តមួយចំនួនដែលអ្នកមិនគួររំលងពេលនោះទេ ព្រោះទេសភាព គឺស្អាតខ្លាំងមែនទែន ៖
១ – បឹងយក្សឡោម ៖ បឹងនេះជាកន្លែងពេញនិយមជាងគេរបស់អ្នកទេសចរណ៍ ពីព្រោះតែសម្រស់ទឹកពណ៌បៃតងខៀវខ្ចី របស់បឹងមួយនេះនៅស្ងៀមសន្លឹងគួរអោយចង់គួយគន់ គួបផ្សំនឹងដើមឈើធំៗជាម្លប់ដ៏ត្រជាក់ផងដែរ។ ភ្ញៀវទេសចរណ៍អាចលេងទឹក និង ញ៉ាំម្ហូបអាហារជុំគ្នាយ៉ាងសប្បាយរីករាយ។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចដើរលេងកំសាន្តជុំវិញបឹងនេះផងដែរ ដោយត្រូវចំណាយពេលតែ១ ម៉ោងជាងប៉ុណ្ណោះ។
២ – ទឹកជ្រោះកាចាញ ៖ ទឹកជ្រោះនេះមានទីតាំងនៅ សង្កាត់កាចាញ ស្រុកបានលុង ដែលមានចំងាយប្រហែល៦ គីឡូម៉ែត្រ ពីក្រុងបានលុង។ ពេលទៅដល់ទីនោះអ្នកនឹងឃើញទឹកជ្រោះប្រហែល១២ម៉ែត្រ កំពុងធ្លាក់ដ៏ត្រជាក់គួរអោយចង់លេងនៅពេលចំហាយទឹកភាយមកប៉ះ ហើយក៏មានស្ពានយោងដ៏ធំមួយ លោកអ្នកធ្វើការថតរូបភាពជាមួយនឹងដើមឈើដែលនៅជុំបានយ៉ាងស្រស់ស្អាត។
៣ – ទឹកធ្លាក់អូស៊ិនលែន ឬ ទឹកធ្លាក់៧ជាន់៖ ទឹកធ្លាក់នេះមានចំងាយប្រហែល ១៧គីឡូម៉ែត្រ ពីទីរួមខេត្តរតនៈគិរី។ ដល់ទីនោះអ្នកនឹងឃើញ ទឹកធ្លាក់បួនកាំធំៗ រូមនឹងបីកាំទៀតតែវារៀងតូចដ៏ស្រស់ស្អាតទៅតាមថ្នាក់របស់វា ដូច្នេះហើយបានជាអ្នកមួយចំនួនហៅថា ទឹកធ្លាក់៧ជាន់ ហើយក៏ឃើញស្រមោលដើមឈើធំដែលបានជ្រះនៅលើផ្ទៃទឹកពិតជាមានភាពទាក់ទាញមែនទែន។
៤ – ទឹកធ្លាក់តាតតៃ ៖ ទឹកធ្លាក់នេះផងដែរ មានលក្ខណះជាដុំថ្មផុសឡើងនៅក្នុងទឹកតូចៗ ដែលងាយស្រួលក្នុងការលេងកំសាន្ត បែបធម្មជាតិ ហើយពិតជាស្រស់ស្អាតខ្លាំង។ បន្ថែមពីនេះទៅទៀត បើលោកអ្នកចង់ទៅលេងកម្សាន្តនៅទីនោះ លោកអ្នកចំងាយពេលត្រឹមតែ២ម៉ោងតែប៉ុណ្ណោះ ដោយធ្វើដំណើរតាមម៉ូតូពីក្រុងបានលុង។
៥ – ឧទ្យានជាតិវីរៈជ័យ ៖ ឧទ្យានជាតិនេះមានចំងាយប្រហែល៦០ គីឡូម៉ែត្រពីក្រុងបានលុង ដែលវាស្ថិតនៅភាគខាងត្បូងនៃស្រុកវឺនសៃ និងតាវ៉េង។ លោកអ្នកនឹងមានអារម្មណ៍ថា ប្លែកពេលទៅដល់ទីនោះ ពីព្រោះទស្សនីយភាពសម្បូរទៅដោយធម្មជាតិ នៅក្នុងព្រៃ និងកូនភ្នំ ក៏ដូចជា ទឹកជ្រោះផងដែរ។ ជាពិសេស សម្រាប់អ្នកដែលចូលចិត្តដំណើរផ្សងព្រេងក្នុងការស្វែងរកអ្វីដែលថ្មីពិតជាមានអារម្មណ៍ប្លែកខ្លាំង ហើយពេលរសៀល លោកអ្នកក៏អាចមើលថ្ងៃលិចបានផងដែរ។ មួយវិញទៀតនៅទីនោះក៏មានអ្នកនាំផ្លូវសម្រាប់ដើរកំសាន្ត និង ប្រាប់ពីទីកន្លែងណាដែលគួរអោយទាក់ទាញផងដែរ។
៦ – បឹងគិរីមង្សុត៖ បឹងមួយនេះ ស្ថិតនៅស្រុកលំផាត់ដែលវាមានរយៈចំងាយឆ្ងាយបន្តិចពីក្រុងបានលុង ប៉ុន្តែអ្នកនឹងមានអារម្មណ៍ថា ស្រស់ស្រាយពេលទៅដល់បឹងមួយនេះ។ បឹងនេះមានរៀងដូចជាបឹងយក្សឡោមដែរ ប៉ុន្តែបឹងនេះធំជាង និងមានដើមឈើធំៗនៅព័ទ្ធជុំវិញ ហើយបូករួមជាមួយនឹងសត្វរៃយំ គួរជាទីចាប់អារម្មណ៍សម្រាប់អ្នកដើរកំសាន្តទាំងអស់ផងដែរ៕