រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឃ្លោក នូយ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំអូរអណ្ដូង បានដឹកនាំការរៀបចំការបោះឆ្នោតជ្រើសរើសបេក្ខជន បេក្ខនារីដែលមានប្រជាប្រិយភាព មានការគាំទ្រសម្រាប់ឈរឈ្មោះជាក្រុមប្រឹក្សាឃុំ ក្នុងការប្រឡងប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០២២ខាងមុខ។
សមាសភាពដែលបានអញ្ជើញចូលរួមក្នុងការបោះឆ្នោតនេះ រួមមាន ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំអូរអណ្តូង ក្រុមប្រឹក្សាឃុំ លោកមេភូមិ សមាជិកភូមិ និងយុវជនគណបក្សឃុំផងដែរ។
ឯកឧត្តម ឃ្លោក នូយ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំអូរអណ្តូងបានមានប្រសាសន៍ថា ការរៀបចំការបោះឆ្នោតនេះ គឺធ្វើឡើងតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីជ្រើសរើសបេក្ខជន បេក្ខនារីរបស់គណបក្សដែលមានសមត្ថភាព និងការគាំទ្រច្រើនពីសំណាក់ថ្នាក់ដឹកនាំបក្ស ក្រុមការងារចុះជួយឃុំ និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីបានឈរឈ្មោះជាក្រុមប្រឹក្សាឃុំអូរអណ្តូង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ការបោះឆ្នោតជ្រើសរើសបេក្ខជនរបស់គណបក្ស សម្រាប់ឈរឈ្មោះជាក្រុមប្រឹក្សាឃុំនេះ គឺបង្ហាញពីសាមគ្គីភាព ភាពសុខដុមរមនា
នៅក្នុងជួរគណបក្សប្រជាជនកម្ពុជាដោយការបោះឆ្នោតនេះ ធ្វើឡើងដោយយុត្តិធម៌ មានតម្លាភាព និងប្រជាធិបតេយ្យ។ បេក្ខជនដែលទទួលបាននូវសំឡេងគាំទ្រច្រើន នឹងមានសិទ្ធិដើម្បីឈរឈ្មោះជាក្រុមប្រឹក្សាឃុំអូរអណ្តូង សម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ ខាងមុខនេះ។ ចំណែកអ្នកដែលមិនទទួលបាននូវសំឡេងគាំទ្រច្រើន ក៏មិនត្រូវអាក់អន់ស្រពន់ចិត្តអ្វីដែរ តែត្រូវខិតខំប្រឹងប្រែងធ្វើការងារ និងកសាងប្រជាប្រិយភាពនៅក្នុងស្រទាប់ថ្នាក់ដឹកនាំ និងមហាជន ប្រជាជន។
ការបោះឆ្នោតនេះបានប្រព្រឹត្តទៅអស់រយៈពេលពេញមួយរសៀល ហើយសន្លឹកឆ្នោតដែលបានបោះរួច ត្រូវបានវេចខ្ចប់យ៉ាងត្រឹមត្រូវ បញ្ជូនទៅរាប់នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន៕ ដោយ វួច ពឿន AKP ប៉ៃលិន