រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាប្រដាល់ក្បាច់ខ្មែរបុរាណនៅលើសង្វៀនស៊ីអិនស៊ី កាលពីថ្ងៃសៅរ៍ ទី២៧ វិច្ឆិកា កន្លងមកនេះ កីឡាករសូត្រ វាសនាមកពីក្លិបបក្សីស្លាបដែកបានក្លាយជាម្ចាស់ប្រាក់លានខារ៉ាបាវនៅក្នុងសប្ដាហ៍នេះ ខណៈកីឡាករសេក ចៅជូត មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប និងកីឡាករចក់ ស៊ីវិន ក្លិបនាយកដ្ឋានអង្គរក្សបានត្រឹមចែកប្រាក់រង្វាន់ពាក់កណ្ដាលម្នាក់ប៉ុណ្ណោះ ដោយសាតែគេទាំងពីរត្រូវបានគណៈកម្មការប្រកួតប្រកាសលទ្ធផលឱ្យស្មើពិន្ទុគ្នា ។
កីឡាករសូត្រ វាសនា ដែលបានក្លាយជាម្ចាស់ប្រាក់លានលើកនេះ ក្រោយពីគេបានយកឈ្នះលើកីឡាករពុទ្ធ សំបូរ មកពីក្លិបពុទ្ធសេរីវង្ស ខណ្ឌពោធិសែនជ័យ ដោយពិន្ទុដាច់ទាំង៥ទឹកតែម្ដង ។ ទោះជាយ៉ាងណា គូនេះត្រូវបានលោអាជ្ញាកណ្ដាលធ្វើការព្រមានម្ដងម្នាក់ដូចដោយសាតែកំហុសបច្ចេកទេស ជាពិសេសការប្រកួតឈានចូលដល់ទឹកទី៣សូត្រ វាសនាបានទាត់ចំប្រដាប់ការពារពុទ្ធ សំបូរមួយជើងយ៉ាងទម្ងន់ត្រូវពន្យាពេលអស់ជិត២នាទី ទើបអាចប្រកួតវិញបាន ។ ប៉ុន្តែចូលដល់ទឹកទី៥ពុទ្ធ សំបូរ បានជ្រុលជើងធាក់ត្រូវប្រដាប់ការពារសូត្រ វាសនា វិញម្ដង ហើយត្រូវលោកអាជ្ញាកណ្ដាលហៅមកព្រមានដូចគ្នា ។
ទោះបីជាមានបញ្ហាកើតឡើងបន្តិចបន្តួចក្ដី សម្រាប់ការប្រកួតរវាងគូសងសឹកទាំងពីរនេះ ពិតជាមិនធ្វើឱ្យអ្នកតាមដានការប្រកួតខកបំណងឡើយ។ម្យ៉ាងវិញទៀតរវាងគូនេះធ្លាប់ប៉ះគ្នាចំនួនពីរលើករួចមកហើយគឺចាញ់ឈ្នះម្ដងម្នាក់ដូចគ្នា។ចំណែកលើកនេះ សូត្រ វាសនា ធ្វើបានល្អជាង ដែលជាហេតុធ្វើឱ្យពុទ្ធ សំបូរ មិនមានសំណាងដណ្ដើមយកប្រាក់លានបានឡើយ។
រីឯការប្រកួតរវាងកីឡាករសេក ចៅជូត និងកីឡាករចក់ ស៊ីវិន វិញនេះតាំងពីទឹកទី១ រហូតមកគឺមានសភាពស្វិតស្វាញខ្លាំងណាស់។ គេទាំងពីរបានប្ដូរកែងនិងជង្គង់គ្នាទៅវិញទៅមកយ៉ាងសាហា.វបំផុត។ ធ្វើឱ្យចៅក្រមទាំង៥រូបមានការពិបាកក្នុងការដាក់ពន្ទុខ្លាំងណាស់ ជាពិសេសការសម្រេចលទ្ធផលចាញ់ឈ្នះតែម្ដង ដូច្នេះហើយទើបគណៈកម្មការប្រកួតសម្រេចឱ្យស្មើពិន្ទុគ្នាតែម្ដង គឺទទួលបាន៥០ម៉ឺនម្នាក់។
ដោយឡែសម្រាប់ការប្រកួតដណ្ដើមប្រាក់ពីរលានពីកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់នៅថ្ងៃសៅរ៍នេះដែរ កីឡាករធឿន ធារ៉ាសមាគមកីឡាប្រដាល់ក្រសួងកសិកម្មពិតជាធ្វើបានល្អខ្លាំងណាស់ គេបានម៉ាត់ចូលគល់ធ្គាមគឹម វាសនា មួយដៃយ៉ាងធ្ងន់នៅត្រឹមទឹកទី២បណ្ដាលឱ្យសន្លប់ស្ដូកត្រូវបានលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗតែម្ដង។តាមពិតគូនេះមានស្នៀតកណ្ដាប់ដៃល្អដូចគ្នា ជាពិសេសគ្រាន់តែការប្រកួតទឹកទី១ភ្លាមទាំងសងខាងមានការប្រុងប្រយ័ត្នរៀងខ្លួនមិនទាន់ហ៊ានបើកការវាយភ្លាមៗនោះទេ ព្រោះអីគេនៅស្ទាបស្ទង់កម្លាំងសិន។
គ្រាន់តែចូលដល់ទឹកទី២ភ្លាមធឿន ធារ៉ា បានឆក់ឱកាសបញ្ជូនកណ្ដាប់ដៃឆ្វេងយ៉ាងលឿន ចូលចំផ្ទៃមុខគឹម វាសនា ពេញទំហឹងបណ្ដាលឱ្យសន្លប់ធំ ត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗតែម្ដង ។ ដូច្នេះតំណែងជាម្ចាស់ប្រាក់ពីរលានរៀលលើកនេះបានទៅលើកីឡាករធឿន ធារ៉ា៕