នៅទីស្នាក់ការគណបក្សប្រជាជនឃុំស្ទឹងត្រង់ ព្រឹកថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២១ មានការរៀបចំបោះឆ្នោតស្ទាបស្ទង់មតិ ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧) ស្ថិតក្រោម អធិបតីភាព ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះជួយ ឃុំស្ទឹងត្រង់ លោក វ៉ាន់ ណាឡុង អនុប្រធានក្រុមការងារចុះជួយឃុំស្ទឹងត្រង់និងលោក សុទ្ធ ឃុនថាល់ អនុប្រធានក្រុមការងារ ចុះជួយឃុំស្ទឹងត្រង់ ព្រមទាំងមានការចូលរួមពីលោក-លោកស្រី ប្រធាន-អនុប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំង១៦ ។
ឯកឧត្តម ហុក សុផល ប្រធានក្រុមការងារចុះជួយ ឃុំស្ទឹងត្រង់ បានលើកឡើងថា បេក្ខជន បេក្ខនារី ឈរឈ្មោះបោះឆ្នោតស្ទាបស្ទង់មតិផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា រើសបេក្ខជន បេក្ខនារី ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧) ត្រូវផ្ដោតលើលក្ខណ:សម្បត្តិ ស្មោះត្រង់ ម៉ឺងម៉ាត់ ហ្មត់ចត់ សុខភាពល្អ មានសមត្ថភាព ចំណេះដឹង ក្នុងការបំពេញតួនាទី-ភារកិច្ច ជូនប្រជាជននៅមូលដ្ឋានបានល្អប្រសើរ និងមានសីលធម៌ល្អ ប្រជាប្រិយភាព ទទួលបានពីបក្ស និងប្រជាជន។
ឯកឧត្តម បានបញ្ជាក់ទៀតថា បេក្ខជន បេក្ខនារី ដែលឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧) នៅទីស្នាក់ការគណបក្សប្រជាជនឃុំស្ទឹងត្រង់មានចំនួន ២១នាក់ និងអង្គបោះឆ្នោតមកចូលរួមបោះចំនួនប្រមាណ ៨០០នាក់។
នាឱកាសនោះឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំស្ទឹងត្រង់ បានកោតសរសើរដល់គណៈបញ្ជាការឯកភាពឃុំ ថា៖ កន្លងមក បានខិតខំរួមគ្នាសម្រេចបាន នូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យ ព្រមទាំងរក្សាបានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមបានល្អប្រសើរឆ្ពោះទៅមុខផងដែរ។ ហើយនៅឃុំស្ទឹងត្រង់យើងទទួលបានផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ចំនួន ២ខ្សែរ ប្រវែង ៥៤គីឡូម៉ែត្រ ដោយខ្សែរទី១ ភ្ជាប់ពីចំណុចបំបែកផ្លូវជាតិលេខ៥៩ ក្នុងភូមិទំនប់ រហូតដល់ចំណុចផ្សារឃែរ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងខ្សែរទី២ ចាប់ពីផ្សារឃែរ ក្នុងភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ រហូតភ្ជាប់នឹងផ្លូវជាតិលេខ៥៧ ត្រង់ចំណុចបំបែក (អូរសួស្តី) ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានការយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។ ហើយ ឯកឧត្តម បានឲ្យគណៈបញ្ជាការឯកភាពឃុំស្ទឹងត្រង់ បន្តការងារចុះមូលដ្ឋានព្រមទាំងត្រូវខិតខំ បន្តអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ តាមរយៈនៃការផ្សព្វផ្សាយ សេចក្តីសម្រេចស្ដីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងត្រូវរួមសហការគ្នាក្នុងការអនុវត្តការងារសំខាន់ៗ រួមមាន ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និង រួមគ្នាទប់ស្កាត់ ប្រឆាំងដាច់ខាតសកម្មភាពបច្ចាមិត្តនានាផងដែរ។ ជាពិសេសត្រូវក្រើនរំលឹកបន្ថែម និងសូមឲ្យបងប្អូនមន្ត្រីរួមទាំងប្រជាពលរដ្ឋ មានស្មារតីចូលរួមការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឲ្យបានធូរស្បើយ វិលទៅសភាពធម្មតាវិញ ជាពិសេស គឺត្រូវអនុវត្តតាមវិធានសុវត្ថិភាព គឺ «៣ការពារ ៣កុំ» និងត្រូវតែមានការចូលរួមប្រុងប្រយ័ត្នឲ្យបានជាប្រចាំផងដែរ៕