ប៉ៃលិន៖ នៅខេត្តចាន់បុរី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ប្រតិភូខេត្តប៉ៃលិន ដែលដឹកនាំដោយ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងប្រតិភូខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានអញ្ជើញជួបប្រជុំពិភាគ្សាការងារ ជាមួយរដ្ឋបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ (ប៉ៃលិន+បាត់ដំបង+ចាន់បុរី) ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ក្នុងបរិបទកូវីដ-១៩។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណចំពោះ រដ្ឋបាលខេត្តចាន់បុរី ដែលបានទទួលស្វាគមន៍ យ៉ាងកក់ក្រៅ ចំពោះគណៈប្រតិភូខេត្តប៉ៃលិន ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ (ប៉ៃលិន+បាត់ដំបង+ចាន់បុរី) ជាពិសេសពិភាក្សាការងារ ក្នុងការសម្របសម្រួល និងនីតិវិធីជូនដល់ដល់ពលករ ដែលត្រូវចូលធ្វើការនៅក្នុងខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ ក្នុងកំឡុងពេលដែលប្រទេសថៃគ្រោងនឹងធ្វើការបើកច្រកទ្វារព្រំដែន ទទួលពលករដែលនៅក្នុងខេត្តជាប់ព្រំដែន នាពេលខាងមុខនេះ ។
លោកជំទាវអភិបាលខេត្ត ក៍បានសំណូមពរដល់សមភាគីថៃ បន្តបង្កើនសហប្រតិបត្តិការនូវបញ្ហាមួយចំនួនដូចជា៖ ការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ បញ្ហាពលករឆ្លងដែនខុសច្បាប់ ទប់ស្កាត់បទល្មើសឆ្លងដែននានា ការធ្វើពាណិជកម្មឆ្លងដែន ជាពិសេសការនាំចេញកសិផល របស់ខេត្តប៉ៃលិន ទៅកាន់ព្រះរាជាណាចក្រថៃ។
ក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសសើរដល់រដ្ឋបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ដែលកន្លងមកបានខិតខំរឹតចំណងសាមគ្គីភាព មិត្តភាពដ៏ល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។
ជាការឆ្លើយតបឯកឧត្តម Sutee Thongyam អភិបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ បានសន្យាខិតខំសហប្រតិបត្តិការ និងដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ចំណែកបញ្ហា១ចំនួនទៀត ឯកឧត្តមបានសន្យាថានឹងនាំយកនូវរាល់សំនូមពរ ធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ដើម្បីរកលទ្ធភាព និងដំណោះស្រាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើឡើង។
សូមបញ្ជាក់ថា៖ ចំពោះការអនុញ្ញាតឲ្យពលករអាចចូលទៅធ្វើការនៅឯប្រទេសថៃ គឺត្រូវអនុវត្តវិធានការសុខាភិបាល នៃប្រទេសទាំង២ និងត្រូវតែមានការចាក់វ៉ាក់សាំងកូវីដ-១៩ បានពេញលេញ (២ដូស) ត្រូវធ្វើតេស្តរកកូវីដ-១៩ និងធ្វើចាត្តាឡីស័ក ហើយពលករទាំងនោះត្រូវបានម្ចាស់អាជីវកម្ម ឬសហគ្រាសរបស់ភាគីថៃ ទំនាក់ទំនងផ្ទាល់ និងទទួលខុសត្រូវលើពលករនោះ ផងដែរ៕