រសៀលថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅសាលាខេត្តប៉ៃលិន លោក ហែម ឬទ្ធី អភិបាលរងខេត្ត បានជួបសំណេះសំណាលជាមួយលោក Berry Graham Jessen នាយក អង្គការសាម៉ារីតាន់ភឹស (Samaritan’s Purse) ប្រចាំនៅកម្ពុជា ស្តីពីគម្រោង អនាម័យ និងទឹកស្អាតតាមសាលារៀនដើម្បីលើកកម្ពស់សុខមាលភាពសម្រាប់កុមារនិងបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តប៉ៃលិន ។ ដែលពិធីនេះមានការចូលរួមពីលោកអភិបាលរងក្រុង-ស្រុក លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោកអនុប្រធានមន្ទីរអប់រំផងដែរ។
លោក ប៊ឺរី ហ្គ្រាហាំ ជេសសាន់ ( Berry Graham Jessen ) នាយកអង្គការសាម៉ារីតាន់ភឹស (Samaritan’s Purse) ប្រចាំនៅកម្ពុជា បានថ្លែងថា៖ ដោយមើលឃើញពីការអភិវឌ្ឍន៍និងសក្តានុពលខេត្តប៉ៃលិន ដូច្នេះទើប អង្គការសាម៉ារីតាន់ភឹស មានគម្រោងលើអនាម័យ អប់រំ និងទឹកស្អាត តាមសាលារៀន សហគមន៍ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់សុខមាលភាពរបស់កុមារអោយបានល្អប្រសើរ ។ ហើយអង្គការធ្លាប់ប្រតិបត្តិការគម្រោងជោគជ័យនៅខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ដូចនេះហើយនៅក្នុងឆ្នាំ ២០២២ គឺអង្គការមានគម្រោងអនាម័យ អប់រំ ទឹកស្អាត ដោយត្រូវការកិច្ចសហការចូលរួមគាំទ្រពីថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាអោយមានភាពរលូន និងល្អប្រសើរ ជាពិសេសខេត្តប៉ៃលិនជាខេត្តមួយដែលសន្តិភាពក្រោយគេ តែមានការរីកចម្រើនលើគ្រប់វិស័យគួរអោយកោតសសើរ ដែលនេះកាន់តែធ្វើអោយអង្គការសាម៉ារីតាន់ភឹស មានភាពកក់ក្តៅក្នុងការអនុវត្តន៍គម្រោងជួយខេត្តប៉ៃលិន។
លោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់រលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណះអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ រដ្ឋបាលខេត្តប៉ៃលិនពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដែលអង្គការសាម៉ារីតាន់ភឹស បានមានចំណាប់អារម្មណ៍លើខេត្តប៉ៃលិន សម្រាប់គម្រោង អនាម័យ អប់រំ និងទឹកស្អាត នៅខេត្តប៉ៃលិន ជាពិសេសស្រុកសាលាក្រៅតែម្តង ដែលគម្រោងនេះគឺជាការលើកកម្ពស់សហគមន៍មិនអាចកាត់ថ្លៃបាននោះឡើយ ហើយវាជាការចូលរួមចំណែកដ៏ធំមួយក្នុងការលើកកម្ពស់សុខមាលភាពសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយើងក្នុងបរិបទកូវីដ-១៩ ផងដែរ។ ជាមួយគ្នានោះ លោកអភិបាលរងខេត្ត បានបញ្ជក់ថា សូមអោយមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសអាជ្ញាធរក្រុងស្រុកត្រូវមានកិច្ចសហការល្អជាមួយអង្គការសាម៉ារីតាន់ភឹសដើម្បីធ្វើយ៉ាងណាអោយមានភាពរលូននិងជួយជ្រោមជ្រែងប្រកបដោយឆន្ទះ ការទទួលខុសត្រូវ និងសមូហភាព ដើម្បីអោយគម្រោងមួយនេះអនុវត្តន៍ជោគជ័យតាមការគ្រោងទុក។
សូមបញ្ជាក់ថា៖ អង្គការ សាម៉ារីតាន់ភឹស បានចាប់ដំណើការនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០០៣ ដោយអនុវត្តលើវិស័យ ទឹកស្អាត និងអនាម័យ ,សុខភាពនិងអាហាររូបត្ថម្ភ កសិកម្មនិងការអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត ,ការអប់រំ និងកម្មវិធីចំណាកស្រុកដោយសុវត្ថិភាព។ ហើយក្នុងឆ្នាំ២០២២ខាងមុខនេះ អង្គការមានកម្មវិធីអនុវត្តនៅខេត្តប៉ៃលិន លើវិស័យអនាម័យ អប់រំ និងទឹកស្អាត ផងដែរក្នុងនោះរួមាន៖ ស្រុកសាលាក្រៅមាន១៦សាលា និងក្រុងប៉ៃលិនមាន ២សាលា ៕