នៅថ្ងៃចន្ទ ១០រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ការពារជំងឺឆ្លងកូវីដ-១៩ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដែលមាន លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា និងមានការឧបត្ថម្ភគាំទ្រដោយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សហការជាមួយ វិទ្យុជាតិ FM90.5MHz បានរៀបចំផ្សាយបន្តផ្ទាល់ ពីកិច្ចសម្ភាសន៍ជាមួយវាគ្មិនតាមរលកវិទ្យុជាតិខេត្តប៉ៃលិន ក្រោមប្រធានបទ(ការពិគ្រោះយោបល់អំពីកូវីដ-១៩) ដែលកម្មវិធីនេះចាប់ផ្តើមពីម៉ោង១:០០ ដល់ម៉ោង ២:០០ នាទីរសៀល និងមានការអញ្ជើញចូលរួមសម្របសម្រួលពីវាគ្មិន៖១. លោកវេជ្ជបណ្ឌិត យក់ សុវណ្ណ អនុប្រធានមន្ទីរសុខាភិបាល ២. កញ្ញា អាន់ លីណា មន្រ្តីប្រតិបត្តិសាខា។
ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណង ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីអោយប្រជាពលរដ្ឋទូទៅ បានយល់ដឹងអំពីការរស់នៅតាមបែបគន្លងថ្មី និងទទួលខុសត្រូវ ក្នុងការទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ អោយមានប្រសិទ្ធភាពខ្ពស់ ៕