ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ គេសង្កេតឃើញមានរមណីយដ្ឋាន១កន្លែង មានឈ្មោះថា «ចម្ការទុរ៉េន២ដើម» ខណ:ម្ចាស់ទើបនឹងបង្កើតបានរយៈពេលជាង១ឆ្នាំ ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហាក់ដូចជានៅឆ្ងាយពីទីរួមខេត្តប៉ៃលិនបន្តិច ដោយមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ឆ្ពោះទៅទិសខាងលិចឈាងខាងត្បូង ។
បើសិនជាធ្វើដំណើរតាមដងផ្លូវលំ នឹងឃើញមានរុក្ខជាតិបញ្ចេញពណ៌បៃតងស្រស់ត្រកាលគួរជាទីទាក់ទាញអារម្មណ៍មិនខាន ។ លើសពីនេះ មានទឹកអូរថ្លាយង់ហូររឹមៗឥតដាច់ខួបប្រាំងខួបវស្សា អាចឱ្យភ្ញៀវទេសចរចុះងូតលេង បង្កឱ្យមានភាពត្រជាក់ស្រស់ស្រាយដល់បេះដូងបំបាត់អស់ទុក្ខកង្វល់នានាផងដែរ ។
បើតាមប្រភពពីមេការរមណីយដ្ឋានខាងលើបានរៀបរាប់ឱ្យដឹងថា ម្ចាស់រមណីយដ្ឋាននេះ មានម្ចាស់ឈ្មោះ រ៉េត ភេទប្រុស ទើបចាប់ផ្តើមបង្កើតត្រឹមតែរយ:ពេលជាង១ឆ្នាំប៉ុណ្ណោះ ហើយកំពុងតែធ្វើការអភិវឌ្ឍជាបណ្តើរៗ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យធ្វើដំណើរចូលទៅលេងនាថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងបុណ្យទានផ្សេងៗជាដើម ។
ប្រភពដដែលបន្តទៀតថា នៅក្នុងរមណីយដ្ឋានដ៏ថ្មីសន្លាងនេះ មានខ្យុសចំនួន២៣ខ្នង និងមានផ្ទះសំណាក់សម្រាប់ភ្ញៀវស្នាក់នៅនាពេលយប់ មានទទួលម្ហូបអាហារផងដែរ ។
លោកបន្តទៀតថា រមណីយដ្ឋាននេះ ជាកន្លែងដែលមានទេសភាពស្រស់ល្អជាងគេ គាប់ជួនមានទឹកស្ទឹងហូរឥតដាច់ធ្លាក់មកពីប្រទេសថៃ ក៏មានត្រីតូចធំជាច្រើនបណ្តែតខ្លួនលេងនៅក្នុងអូរ អាចឱ្យភ្ញៀវអង្គុយស្ទូចលេងកម្សាន្ត សប្បាយបំបាត់នូវទុក្ខកង្វល់ និងការនឿយហត់មួយកម្រិត។
នៅថ្ងៃខាងមុខឆាប់ៗនេះ ម្ចាស់រមណីយដ្ឋានខាងលើ នឹងរៀបចំអភិវឌ្ឍបន្ថែមទៀត ដោយមានតុបតែងផ្កាភ្ញី ព្រមទាំងសួនច្បារសម្រាប់ឱ្យភ្ញៀវចូលទៅថតរូបទុកជាអនុស្សាវរីយ៍ ផងដែរ។ ម្យ៉ាងវិញទៀតរមណីយដ្ឋានខាងលើ ស្ថិតនៅក្បែរបន្ទាយយោធា ជាកន្លែងដែលមានសុវត្ថិភាពខ្ពស់ មិនបារម្ភពីបញ្ហាចោរលួចជាដើម ។ ហើយផ្លូវនៅក្បែររមណីយដ្ឋាននេះ គេអាចធ្វើដំណើរទៅកាន់ស្រុកសំឡូត ខេត្តបាត់ដំបង និងអាចធ្វើដំណើរបង្ហួសទៅដល់ខេត្តកោះកុង ហើយបើមានផ្លូវល្អ ដោយគេអាចធ្វើដំណើរត្រឹមតែរយ:ពេលខ្លីប៉ុណ្ណោះ ។
ចំណែកប្រជាពលរដ្ឋមូលដ្ឋាន បានបង្ហើបឱ្យដឹងដែរថា នៅក្បែរកន្លែងខាងលើ ក៏មាន រមណីយដ្ឋានមួយទៀតផងដែរ ឈ្មោះថា «អន្លង់ខៀវ» ដែលអាជ្ញាធរខេត្តប៉ៃលិន មានគំរោងនឹងបង្កើតរមណីយដ្ឋានដ៏ទាក់ទាញនៅទីនោះ ដែលអាចទាក់ទាញឱ្យភ្ញៀវទេសចរ ធ្វើដំណើរមកពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង ចូលលេងកម្សាន្តសប្បាយផងដែរ ៕