ប៉ៃលិន៖ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ទេពនិម្មិត្តប៉ៃលិន ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលក្របខ័ណ្ធថ្មី ឱ្យចូលបម្រើការងារនៅរដ្ឋបាលខេត្តប៉ៃលិន ឆ្នាំ២០២១ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ចំពោះបេក្ខជន និងអនុរក្ស ក្នុងមណ្ឌលប្រឡងទាំងអស់ ត្រូវមានកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទើបអនុញ្ញាតឱ្យចូលក្នុងមណ្ឌលប្រឡង ជាពិសេសការអនុវត្តន៍វិធានការសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសហគមន៍គ្មានការចម្លងជំងឺកូវីដ-១៩៕
ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការកាត់ស្រោមវិញ្ញាសារជូនដល់បេក្ខជនប្រឡងនាពេលនេះ គឺ បានបង្ហាញ និងពិនិត្យអំពីភាពបិទជិតដោយស្កុត និងត្រាស្រោមប្រធានវិញ្ញាសារ នៅចំពោះមុខបេក្ខជន និង គណៈកម្មការមេប្រយោគ ចូលរួមជាសាក្សី ដើម្បីបញ្ជាក់ថា វិញ្ញាសានេះពិតជាពុំមានរហែក ឬបែកធ្លាយពិតប្រាកដមែន ដើម្បីធានាបានថា ការប្រឡងគឺប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានទាំងអស់គ្នា។
លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ណែនាំបន្ថែម ដល់បេក្ខជន បេក្ខនារី សូមយកចិត្តទុកដាក់ប្រឹងប្រែងបញ្ចេញអោយអស់សមត្ថភាព និងចំណេះដឹងដែលខ្លួនមាន ព្រមទាំងគោរពតាមបទបញ្ជាផ្ទៃនៅពេលប្រឡងឱ្យបានល្អ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយពេលប្រឡង ក្នុងការចូលរួមប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលថ្មី ដែលជាមន្ត្រីបន្តវេន ជាទំពាំងស្នងឬស្សី ដើម្បីចូលរួមបំរើជាតិ និងប្រជាជន។
បើតាមការបញ្ជាក់របស់ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការមេប្រយោគ ប្រចាំមណ្ឌលប្រឡង បានឲ្យដឹងថា៖ បេក្ខជន ដែលបានដាក់ពាក្យប្រឡង ក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិលរបស់រដ្ឋបាលខេត្តប៉ៃលិននេះ មានចំនួន ៤៤អង្គ/នាក់ ស្រី ២១នាក់ មាន ០១មណ្ឌលប្រឡង ស្មើនឹង ០៤បន្ទប់ ហើយការប្រឡងនេះត្រូវបានប្រព្រឹត្តទៅតែរយៈពេលមួយព្រឹកប៉ុណ្ណោះ លើពីរក្របខ័ណ្ឌរួមមាន៖ ១-ក្របខ័ណ្ឌមន្ត្រីរាជការជាន់ខ្ពស់ ២-ក្របខ័ណ្ឌមន្ត្រីរាជមន្ត្រីក្រមការ ដោយប្រឡងលើវិញ្ញាសារចំនួន០២គឺ៖ វិញ្ញាសារជំនាញឯកទេស និងភាសាអង់គ្លេស៕