ផ្លែទៀបខ្មែរយើងមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានគុណប្រយោជន៍ជាច្រើនដល់សុខភាពទៀតផង។ យ៉ាងណាមិញ ប្រហែលជាមានមនុស្សភាគច្រើនមិនបានដឹងថា ស្លឹករបស់វាក៏ផ្តល់ផលប្រយោជន៍ជាពិសេសសម្រាប់សុខភាពយើងផងដែរ។ អត្ថប្រយោជន៍របស់ស្លឹកទៀបខ្មែរ ចំពោះសុខភាព គឺមានតាមវិធីផ្សេងៗពីគ្នាដូចជា៖
១.ជំងឺមហារីក
នៅក្នុងនេះដែរ ស្លឹកទៀបខ្មែរវាមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងថែមទាំងប្រឆាំងទៅនឹងការរលាកផងដែរ។ ហេតុដូចនេះហើយវាល្អចំពោះការកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ ម្យ៉ាងវិញទៀតដើម្បីទទួលបានអត្ថប្រយោជន៍នេះ ជាទូទៅស្លឹកទៀបខ្មែរត្រូវបានគេយកវាធ្វើជាតែ។
២.គ្រុនក្តៅ និងអាការឈឺពោះ
នៅពេលដែលមានអាការគ្រុន ឬក្តៅខ្លួន និងមានអាការចុកពោះនោះ អ្វីដែលអ្នកត្រូវធ្វើដើម្បីបញ្ចុះកំដៅ ក៏ដូចជាបំបាត់ការឈឺពោះនោះគឺ៖
–យកស្លឹកទៀបខ្មែរដែលស្ងួត ៣ ទៅ ៤សន្លឹក លាងទឹកឲ្យស្អាត បន្ទាប់មកដាក់ទៅក្នុងទឹកដាំពុះ(ទឹកក្តៅ) ១កែវ
–រួចទុកវាប្រហែល ៣ ទៅ ៤នាទី បន្ទាប់មកទើបអ្នកអាចផឹកទឹកតែស្លឹកទៀបនេះបាន។
៣.ជួយដល់ការគ្រេច ថ្លោះ និងការរលាកសន្លាក់
ជាទូទៅប្រសិនបើ កដៃ ឬកជើងរបស់អ្នកមានការគ្រេច ថ្លោះកើតឡើង និងមានបញ្ហាឈឺសន្លាក់ជង្គង់ ស្មា និងកែងដៃឡើងហើម ឈឺចាប់ជាដើមនោះអ្វីដែលអ្នកត្រូវធ្វើគឺ៖
-យកស្លឹកទៀប ៣សន្លឹក
-យកវាទៅអាំងបន្តិចជាមួយនឹងរងើកភ្លើង
-បន្ទាប់មកយកស្លឹកដែលបានអាំងរួចនោះលាយជាមួយទឹកខ្មេះបន្តិច ហើយយកវាទៅលាបនៅត្រង់កន្លែងដែរគ្រេច ឬថ្លោះ និងកន្លែងដែលឈឺសន្លាក់នោះដោយយកបង់រុំ បន្ទាប់ពីលាបរួចជាការស្រេច។
៤.ជួយកាត់បន្ថយភាពចាស់មុនអាយុ
ដោយសារតែស្លឹកទៀបវាពោរពេញទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ទើបវាត្រូវបានគេយកមកប្រើដើម្បីទប់ទល់ទៅនឹងរ៉ាឌីកាល់សេរី ដែលនាំឲ្យមានដំណើរការភាពចាស់មុនវ័យ។
បើទោះបីជាអ្នកបានដឹងអត្ថប្រយោជន៍មួយនេះក៏ដោយ ប៉ុន្តែអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុននឹងធ្វើការសម្រេចចិត្តអនុវត្តន៍វិធីសាស្ត្រនេះ ក៏ដូចជាការប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។