ខេត្តកំពង់ឆ្នាំង ៖ ទឹកធ្លាក់ស្រែអំពិល គឺជារមណីយដ្ឋានធម្មជាតិមួយកន្លែង ដែលមានធម្មជាតិស្រស់បំព្រង មានខ្យល់អាកាសបរិសុទ្ធ នឹងមានទឹកហូរធ្លាក់យ៉ាងថ្លាយង់ពីជួរភ្នំឱរ៉ាល់។
រមណីយដ្ឋានមួយនេះ ស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ។ បន្ទាប់ពីបិទទ្វារមួយរយៈដោយសារតែជំងឺកូវីដ-19 បច្ចុប្បន្នរមណីយដ្ឋានមួយនេះ បានបើកទ្វារឲ្យភ្ញៀវជាតិចូលទៅលេងកម្សាន្តឡើងវិញហើយ ដែលតាមការអះអាងរបស់សហគមន៍ថា នៅរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺមានភ្ញៀវមកលេងកំសាន្តប្រមាណ១ពាន់នាក់ ។
លោក អែម ជា អនុប្រធានសហគមន៍ទឹកធ្លាក់ស្រែអំពិល បានប្រាប់ឲ្យដឹងថា៖ កាលពីកូវីដ-19 កំពុងរាតត្បាតខ្លាំង រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលបានបិទទ្វារ ដូចជារមណីយដ្ឋានដទៃទៀតដែរ ដោយសារតែខ្លាចឆ្លងជំងឺកាចសាហាវមួយនេះ។ ប៉ុន្តែបច្ចុប្បន្នដោយសារតែក្រសួងប្រកាសឲ្យតំបន់ទេសចរណ៍ក្នុងតំបន់មួយចំនួនអាចដំណើរការដោយភ្ញៀវជាតិទៅលេងកំសាន្តនោះ រមណីយដ្ឋាននេះក៏បានបើកទ្វារឡើងវិញជាធម្មតា គឺស្របពេលដែលពេលនេះជាខែវស្សា សម្បូរទឹកធ្លាក់ពីលើកំពួលភ្នំផងដែរ។
លោកបន្តថា បច្ចុប្បន្នមានភ្ញៀវមកលេងកម្សាន្តច្រើន នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺមានរថយន្តពី៧០ទៅ៨០គ្រឿង ម៉ូតូជាង២០០គ្រឿង និងមានភ្ញៀវពី៨០០ទៅជា១ពាន់នាក់។ ប៉ុន្តែបើខុសថ្ងៃសៅរ៍ និងអាទិត្យ ភ្ញៀវមានត្រឹមជាង១០រថយន្តប៉ុណ្ណោះ ។ បច្ចុប្បន្ននេះ រមណីយដ្ឋានបានធ្វើខ្យូសសម្រាប់ភ្ញៀវអង្គុយលេងកំសាន្ត ចំនួន៣២ និងកំពុងធ្វើបន្ត ហើយក៏ មានធ្វើស្ពានឈើ ស្ពានដែកឆ្លងទឹកធ្លាក់ទៀតផង។ សម្រាប់តម្លៃសេវាកម្មវិញ ខ្យូស១ថ្លៃពី១ម៉ឺនទៅ២ម៉ឺនរៀលតាមតូច ឬធំ ចំណែកខ្យូសមានទំហំ៥គុណ៧ម៉ែត្រ បានចែកជា២ ដោយ១កន្លែងថ្លៃ២ម៉ឺនរៀល ។
សម្រាប់ភាស៊ីវិញ រថយន្ត១គ្រឿងថ្លៃ៥ពាន់រៀល ចំណែកម៉ូតូ១គ្រឿងថ្លៃ២ពាន់រៀល ចំពោះភ្ញៀវមកលេងកំសាន្តមិនគិតថ្លៃនោះ ទេ ។ ដោយឡែកម្ហូបអាហារវិញមានកំណត់ ដូចជាមាន់១ក្បាលភ្ញៀវអាចកុំម៉ង់ធ្វើម្ហូបបាន២មុខ គឺថ្លៃពី៣ម៉ឺនទៅ៤ម៉ឺនរៀល តាមតូច ឬធំ ចំណែកភេជ្ជៈ១កេសថ្លៃលើសទីផ្សារ៥ពាន់រៀលប៉ុណ្ណោះ ។
លោក អែម ជា បានបញ្ជាក់ថា សហគមន៍ទឹកធ្លាក់ស្រែអំពិល បានរៀបចំបង្កើតឡើងនៅឆ្នាំ2016 ដោយមានការខិតខំប្រឹងប្រែងពីអាជ្ញាធរឃុំ និងសហគមន៍ បច្ចុប្បន្នរមណីយដ្ឋានមួយនេះ បានអភិវឌ្ឍន៍ និងប្រែក្លាយទៅជារមណីយដ្ឋានថ្នាក់មួយដែលថ្នាក់ជាតិទទួលស្គាល់ទៀតផង ។