ប៉ៃលិន៖ ដូចការគ្រោងទុក នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញពន្លត់ទៀនជ័យ ដើម្បីបញ្ចប់ពិធីបុណ្យរំឮកខួបទិវាឯករាជ្យជាតិ លើកទី៦៨ ដែលបានដុតបំភ្លឺអស់រយៈពេល ៣ថ្ងៃ នៅវិមានឯករាជ្យខេត្ត ចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ។
នៅក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិនេះ ក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរស្ថាប័នជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន មានប្រសាសន៍លើកឡើងថា៖ ការរំលឹកបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២១) គឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈ ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានដឹកនាំការទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈកុលបុត្រកុលធីតា កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដោយបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមានការ តស៊ូដណ្តើមឯករាជ្យ ការពុះពារឆ្លងកាត់ដំណាក់កាល នៃសង្គ្រាមនិងរបបប្រល័យពូជសាស្ត្រ ប៉ុលពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់យ៉ាង ដូចបច្ចុប្បន្ននេះ។ ដូច្នេះ ដើម្បីបន្តនូវគំរូវីរៈភាព ដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ សូមកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកងយោធពលខេមរភូមិន្ទ សូមបន្តការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ថែរក្សារាល់សមិទ្ធផល របស់ជាតិឲ្យគង់វង្សស្ថិតស្ថេរ និងរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនរុងរឿង ក្នុងឯករាជ្យ សន្តិភាព ស្ថិរភាព និងការរួបរួមក្នុងមហាសាមគ្គីជាតិ ដ៏ទូលំទូលាយ ដោយគ្មានការកើតឡើងជាថ្មីទៀត នូវសង្គ្រាមសោកនាដកម្ម និងគ្រោះមហន្តរាយដូចអតីតកាល។
ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍បញ្ជាក់ថា៖ ទិវាបុណ្យឯករាជ្យជាតិ និងទិវាខួបកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំង ពីជោគជ័យក្នុងកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រ ដ៏ស្មុគស្មាញជាច្រើន ជាពិសេសឆ្លងកាត់រយៈពេល ៦៨ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឺនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូតចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើ ឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជាជាដរាបតរៀងមក និងយូរអង្វែងផងដែរ។
សូមជម្រាបថា៖ កម្ពុជា បានទទួលឯករាជ្យ កាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយចាប់ពីពេលនោះមកកម្ពុជា បានរៀបចំទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ ដែលទ្រង់បានតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង៕