ស្ថិតនៅចម្ងាយប្រមាណត្រឹមជាង ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ជាខេត្តមួយសម្បូរទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិ ដែលមានដូចជា តំបន់ទឹកធ្លាក់ជ្រាវ ទំនប់ស្លា គីរីរម្យ និង សួនផ្កាអមលាំង ជាដើម ដែលតែងដុតអារម្មណ៍មហាជន ឱ្យចង់ទៅលេងកម្សាន្ត ពេលទំនេរពីការងារ ក៏ដូចជាថ្ងៃចុងសប្ដាហ៍។
ទន្ទឹមនឹងនោះ ថ្មីៗនេះមហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាចាប់អារម្មណ៍នូវកន្លែងលម្ហែថ្មីមួយ ដែលមានទីតាំងក្នុងភូមិសាស្ត្រខេត្តខាងលើ ដែលនៅទីនោះ ត្រូវបានគេនាំគ្នាហៅថា «ភូមិ បូនីតតូ» ដែលមានទេសភាពបែបស្រុកស្រែស្រស់ត្រកាល ជាទស្សនីយភាពថ្មីមួយ សម្រាប់បម្រើអារម្មណ៍ប្រិយមិត្ត ឱ្យទៅថតរូបកម្សាន្ត និង សម្រាកលម្ហែសាកថ្មឱ្យជីវិត។
«ភូមិ បូនីតតូ» ខាងលើមានទីតាំងស្ថិតនៅភូមិ អណ្ដូងល្វា ឃុំស្វាយចចឹប ស្រុកបសេដ្ឋ នៃទឹកដីខេត្តកំពង់ស្ពឺ ជាតំបន់ធម្មជាតិបែបស្រុកស្រែដ៏ស្រស់ត្រកាល ដែលនៅទីនោះស្ថិត នៅជាប់ជើងភ្នំ ថែមតែងមានបឹង មានដើមឈ់ជាម្លប់ត្រឈឹងត្រឈៃមនោរម្យសម្រាប់ប្រិយមិត្ត អាចអង្គុយដុតភ្លើង ទទួលទានអាហារជុំគ្នា ថែមទាំងអាចបោះតង់គេងមើលផ្កាយរះ និង ថតរូបស្អាតៗទុកជាអនុស្សាវរីយ៍ផងដែរ៕