ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញសម្រស់ ស្មៅទន្លេកំពង់ចាម ដែលបានកែកុនថ្មី ពោរពេញទៅដោយប្លង់ថតរូបស្អាតៗជាច្រើន ដែលកំពុងតែដុតអារម្មណ៍មហាជន ឱ្យចង់ទៅទស្សនាកម្សាន្ត ក្រោយស្រាកស្រាន្តពីការរាតត្បាតមេរោគកូវីដ-១៩។
រមណីយដ្ឋាន និង អាហារដ្ឋាន ស្មៅទន្លេនេះ មានទីតាំងស្ថិតនៅក្នុង ភូមិទី ២ សង្កាត់វាលវង្ស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅជាប់នឹងមាត់ទន្លេមេគង្គតែម្ដង ស្ថិតត្រង់ចំណុចជិតគល់ស្ពាន ទៅកោះប៉ែន។ នៅទីនោះ មានម្ហូបអាហារ ដែលមានរសជាតិឆ្ងាញ់ពិសានៅតាមឆ្នេរទន្លេ ថែមទាំងមានការរៀបចំជាសួនច្បារកែលម្អថ្មី យ៉ាងស្រស់ស្អាត ប្លែកភ្នែក ប្លែកអារម្មណ៍ក្រៃលែង។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ ក្រោយពីការកែលម្អថ្មីនេះ គេសង្កេតឃើញមានផ្ការថ្មីៗជាច្រើនពណ៌ ត្រូវបានបញ្ឈរត្រៀបត្រា នៅបរិវេណតំបន់លម្ហែខាងលើ ដែលញ៉ាំងបរិយាកាសឱ្យប្រិយមិត្តដែលបានទៅដល់ទីនោះ សប្បាយរីករាយ ក្នុងការថតរូបលេងកម្សាន្ត ទុកជាអនុស្សាវរីយ៍ផងដែរ៕