ប៉ៃលិន៖ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានប្រារព្ធខួបលើកទី៦៨ នៃទិវាបុណ្យឯករាជជាតិ៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២១ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបានតស៊ូយ៉ាងជោគជ័យ ដណ្តើមឯករាជ្យចេញផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង ដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងឯកឧត្តម ជា ចាន់ឌីន ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។
ស្ថិតក្នុងឳកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមនាយឧត្តមសេនីយ៍ អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ខួបអនុស្សាវរីយ៍ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកានេះ គឺនៅទូទាំងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ព្រោះជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងដែលកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ នូវឯករាជ្យពិតប្រាកដ ក្រោមព្រះរាជបូជនីកិច្ចដ៏ថ្លៃថ្លានៃព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិនៃយើងទាំងអស់គ្នា។
ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍គូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រោមម្លប់របស់ព្រះមហាក្សត្យកម្ពុជា តែងតែដង្ហែរតាមព្រះរាជតំរិះ ដ៍ថ្លៃថ្លាជារៀងរហូតមក ជាពិសេសដោយសារការខិតខំប្រឹងប្រែងយ៉ាងខ្លាំង របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យសង្គមជាតិទាំងមូល មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន បានប្រសាសន៍លើកឡើងថា៖ ការរំលឹកខួបអនុស្សាវរីយ៏ ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង បានប្រព្រឹត្តទៅពេលជាមួយ នឹងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាន នូវគុណូបការៈដ៏ថ្លៃថ្លារបស់ វីរយុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្ម អាយុជីវិត យ៉ាងអង់អាចក្លាហានបំផុត ដើម្បីសង្គ្រោះជាតិ មាតុភូមិពីរបបប្រល័យពូជសាសន៍ ពីភ្នក់ភ្លើងសង្គ្រាមគ្រោះកាចចង្រៃផ្សេងៗ ព្រមទាំងបានរួមចំណែកយ៉ាងធំធេង ក្នុងការការពារទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព និងវិបុលភាពជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕