ប៉ៃលិន៖ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ និងសមាជិក កិត្តិយសសាខា, គណៈកម្មាធិការសាខា អនុសាខា, អាជ្ញាធរមូលដ្ឋាន, យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារវិបត្តិជម្ងឺកូវីដ-១៩ ចំនួន ៧៥គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន។
លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក៍បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ មិនបានដឹង និងមិនបានជួយដោះស្រាយនោះទេ។
លោកជំទាវប្រធានគណៈកម្មាធិការសាខា បានប្រសាសន៍ឱ្យដឹងថា៖ ជាក់ស្តែងកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជម្រុញគ្រប់សកម្មភាពការងារមនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់ នូវគោលការណ៍គ្រឹះទាំង ០៧ប្រកា របស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះ ជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទេវហេតុផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាពខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាត ជាដើម ជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីជាសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីត-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ហើយបើបងប្អូនមានបញ្ហាសុខភាព ឬករណីសង្ស័យ សូមប្រញ៉ាប់ប្រញាល់មកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីអោយក្រុមគ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។
ជាការឆ្លើយតប បងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវទឹកចិត្តរំភើប និងសប្បាយរីករាយឥតឧបមា ចំពោះសម្ដេចទាំងទ្វេរ និងសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ ជាប្រធានសាខា ដែលបានចុះជួយសម្រាលទុក្ខលំបាករបស់ពួកគាត់ ហើយសូមគោរពជូនពរ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សាផ្ដល់សិរីសួស្ដី ជ័យមង្គលវិបុលសុខ ដ៏ប្រសើរថ្លៃថ្លានិង ទទួលបាននូវជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបានសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លា ទាំងបួនប្រការ គឺ អាយុ វណ្ណៈសុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា៖ អំណោយដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ទាំង ៧៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៥០គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី ១កេស ទឹកបរិសុទ្ធ ១កេស ឃីដ ១ (កន្ទេល ១, មុង ១, ភួយ ១, ក្រម៉ា ១) និងថវិកាមួយចំនួនផងដែរ៕