ប៉ៃលិន៖ លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វិស័យ ព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្នបានចូលរួមចំណែកយ៉ាងសកម្មទាំងផ្នែកការងារមនុស្សធម៌ និងលើក កម្ពស់ សីលធម៌ ចរិយាធម៌ ដល់កុលបុត្រកុលធីតា និងបច្ឆាជនជំនាន់ក្រោយ ឲ្យចេះសាងអំពើល្អ តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ក្នុងគោលបំណងកាត់បន្ថយ ការខុសឆ្គង ក្នុងច្បាប់រដ្ឋ និងប្រពៃណីជាតិយើង ដើម្បីពង្រឹង ទាំងចំណេះដឹង ទាំងជំនាញ និងបទពិសោធន៍ រួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលរងខេត្ត បានប្រសាសន៍មានបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្នុងពិធីប្រកាសព្រះភិក្ខុ ទូច ម៉ាច ជាព្រះចៅអធិការស្តីទី វត្តភ្នំនាគសំរិទ្ឋិជ័យ ហៅវត្តអូរទឹកភ្លាវ ស្ថិតក្នុងភូមិអូរទឹកភ្លៀវ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានវត្តមាននិមន្តចូលរួមពីសំណាក់ ព្រះគ្រូសន្តិមហារតន៍មុនី សាន់ លី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មមរណីរតន៍ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករផងដែរ។
លោក ឃ្លោក នួយ បានមានប្រសាសន៍រំលឹកថា៖ ការបាត់បង់ស្ទើរតែសាបសូន្យទៅហើយនូវវិស័យសាសនា និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ តែដោយគុណបុណ្យស្មារតី ០២ ធ្នូ ១៩៧៨ និងថ្ងៃជ័យជនះ ៧ មករា ១៩៧៩ ជាពិសេសគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាពពេញលេញ និងធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើនទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ហើយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយមានសេរីភាពសាសនា ដោយមិនប្រកាន់គណៈ មហានិកាយ គណៈធម្មយុត្តិកនិកាយ ឬ ឥស្លាមសាសនា និង សាសនាកត្តាលិកឡើយ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ព្រះពុទ្ធសាសនា បានចូលរួមចំណែកអភិវឌ្ឍន៍ សង្គមយ៉ាងសំខាន់ ផ្នែកពុទ្ធិដល់ពលរដ្ឋឲ្យគោរពវិន័យច្បាប់ និងព្រានប្រដៅមនុស្ស ឲ្យដើរតាមផ្លូវល្អ ប្រព្រឹត្ដតែអំពើល្អ រស់នៅដោយសុខុដមរនា នៅក្នុងសង្គមគ្រួសារសហគមន៍ ដែលមិនមានអំពើហិង្សា ប្រកបដោយ សន្ដិភាព យុត្ដិធម៌ ដូច្នេះ«ព្រះពុទ្ធសាសនាមិនត្រឹមតែបានធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋ យើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង»។
ព្រះគ្រូសន្តិមហារតន៍មុនី សាន់ លី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មមរណីរតន៍ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តប៉ៃលិន បានមានសង្ឃដីកា ផ្តល់នូវពុទ្ធឱវាទប្រគេនជូនដល់ព្រះភិក្ខុសង្ឃ ពុទ្ធបរិស័ទទាំងឡាយ យកទៅគោរពបដិបត្តិ ទៅតាមគន្លងនៃវិន័យព្រះសម្មាសាម្ពុទ្ធ ដែលជាព្រះបរម្យគ្រូនៃយើងបានចងក្រងជាគម្ពីបិដកឲ្យគោរពទៅតាមព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនា ហើយវត្តអារាមជាទីជំរក អប់រំរិយាធម៌ដល់ពុទ្ធបរិស័ទ យុវជន ដែលជាទំពាំង ស្នងឬសី្ស និងជាឱកាសល្អក្នុងការ រួបរួមគ្នា ដើមី្បថែរក្សាការពារ សេចក្តីសុខសាន្តរបស់សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទ ជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូរ សមនឹងទស្សនៈដែលថាព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហិង្សាសង្គម។
នៅក្នុងឱកាសនោះដែរ ព្រះគ្រូសន្តិមហារតន៍មុនី សាន់ លី ក៍បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងអាចារ្យគណៈកម្មការវត្ត ជាពិសេសព្រះភិក្ខុ ទូច ម៉ាច ចៅអធិការវត្តស្តីទីថ្មី ត្រូវរម្ងាប់អធិករណ៍នានា និងសហការគ្រប់គ្រង គរុភណ្ឌសង្ឃ មានដីធ្លីវត្តអារាម ព្រមទាំងអប់រំពុទ្ធសាសនិកជន ឲ្យរៀនសូត្របដិបត្តិធម៌ និងវិន័យ មានបិដកជាគោល ហើយរួមសាមគ្គីរវាងព្រះសង្ឃ និងពុទ្ធបរិស័ទ ដោយធ្វើការពង្រីកនូវវិស័យពុទ្ធកៈសិក្សា និងអភិវឌ្ឍន៍ អភិរក្សនូវវប្បធម៌ ប្រពៃណីទំនៀមទំលាប់របស់ជាតិផងដែរ។
បើតាមការបញ្ជាក់របស់លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានអោយដឹងថា៖ បច្ចុប្បន្ននៅក្នុងខេត្តប៉ៃលិន មានវត្តអារ៉ាម ចំនួន ៣២វត្ត ក្នុងនោះ វត្តធម្មយុត្តិកនិកាយមានចំនួន ៦វត្តផងដែរ៕