ខេត្តសៀមរាប ៖ បើតាមលោក ឡុង កុសល អ្នកនាំពាក្យ និងជាអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នេះថា ប្រាសាទព្រហ្មកិល ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប នៅពីលិចឆៀងខាងជើងប្រាសាទអង្គរវត្ត ប្រមាណជា៤គីឡូម៉ែត្ត ពីរួមក្រុងសៀមរាប។
លោក បានបន្តថា បច្ចុប្បន្ននេះ បរិវេណជុំវិញប្រាសាទព្រហ្មកិល បានប្រែមុខមាត់ថ្មី ក្រោយពីអាជ្ញាធរជាតិអប្សរា រៀបចំដាំស្មៅ ផ្កា កាត់គ្រីមែកឈើ ដកហូតរុក្ខជាតិដែលមិនចាំបាច់ និងរៀបចំឱ្យមានសណ្តាប់ធ្នាប់ ដោយមានការថែទាំពីបុគ្គលិក អប្សរា ជាប្រចាំ ផងដែរ។
ការកែលម្អនេះ បានលើកតម្លៃប្រាសាទបុរាណ ធ្វើយ៉ាងណាឱ្យបរិវេណជុំវិញប្រាសាទព្រហ្មកិលនេះ មានទេសភាពល្អ និងសោភ័ណភាពបៃតង ស្រស់បំព្រង មានភាពទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវទេសចរណ៍ និងអ្នកដំណើរដែលឆ្លងកាត់ទីនេះឱ្យបានចូលមើលច្រើនកុះករផងដែរ។
ជាពិសេសបច្ចុប្បន្ន ប្រាសាទព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យសម័យអង្គរ កំពុងទទួលបានការជួសជុល ហើយក្រោយពេលប្រាសាទបុរាណមួយនេះ ត្រូវបានជួសជុលរួចរាល់ នឹងរឹតតែលើកសោភ័ណ ភាពប្រណីតមួយកម្រិតថែមទៀត៕