ខេត្តតាកែវ ៖ ថ្មីៗនេះអង្គការជីវិតសត្វស្លាបអន្តរជាតិ បានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងពីការផ្សព្វផ្សាយស្តីពីវត្តមានសត្វស្លាប (ពិសេសសត្វក្រៀល និងកំណត់ត្រាថ្មីនៃសំបុកពងកូនសត្វចង្កៀលខ្យង) នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកោះអណ្តែត និងបូរីជលសារ ខេត្តតាកែវមក មានអ្នកស្រឡាញ់ធម្មជាតិមួយចំនួនបានទាក់ទងមកក្រុមការងារយើងដើម្បីទៅទស្សនា ប៉ុន្តែដោយបញ្ហា COVID 19 និងតំបន់មិនទាន់រៀបចំសេវាទេសចរណ៍ធម្មជាតិទើបយើងមិនទាន់ទទួល។ តែទោះជាយ៉ាងណាមានអ្នកទេសចរណ៍២ក្រុម បានពុះពារទៅដល់តំបន់យើង ក្នុងខែធ្នូ ឆ្នាំ ២០២០នេះ។
សត្វស្លាបជាច្រើនប្រភេទបានបង្ហាញខ្លួនដល់អ្នកទេសចរណ៍ទាំងនេះរួមមាន សត្វក្រៀល ចង្កៀលខ្យង ត្រយ៉ងខ្លួនរលង ទាកាបព្រៃក្បាលឆ្នូតស ជើងទៀនជាដើម។ ក្រោយទស្សនា អ្នកទេសចរណ៍មានអារម្មណ៍សប្បាយរីករាយដោយបានឃើញហ្វូងសត្វជាច្រើនក្នុងតំបន់ការពារនេះព្រមទាំងកោតសរសើរដល់មន្ត្រីឧទ្យានុរក្សសហការជាមួយអង្គការដៃគូទាំងអស់ និងអាជ្ញាធរដែនដីនូវការខិតខំប្រឹងប្រែងការពារតំបន់ដីសើមនេះ៕