ខេត្តបាត់ដំបង ៖ តំបន់អេកូទេចរណ៍បែបធម្មជាតិចំនួន០៤កន្លែងនៅក្នុងខេត្តបាត់ដំបង បាននិងកំពុងឆក់យកបេះដូងអ្នកទេសចរ ដែលនិយមបោះតង់សម្រាកលំហែកាយឱ្យចាប់អារម្មណ៍បំផុតពីតាមបណ្ដាខេត្-រាជធានី ស្ទើរទូទាំងប្រទេស ។ ជាពិសេស «ទឹកធ្លាក់អូរជាំ» ដែលហូរធ្លាក់ពីតាមជ្រលងភ្នំ នៃតំបន់ការពារធម្មជាតិជួរភ្នំសំកុស ស្ថិតក្នុងភូមិសាស្ត្រ ឃុំកំពង់ល្ពៅ ស្រុកសំឡូត តែម្ដង។ នេះបើតាមអំណះអំណាងរបស់លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។
លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានបង្ហាញថា បាត់ដំបងជាខេត្តដែលមានវ័យចំណាស់បំផុតមួយ ក្នុងចំណោម២៤ខេត្ត រាជធានី នៃប្រទេសកម្ពុជា។ ខេត្តបុរាណមួយនេះ សំបូរទៅដោយតំបន់ទេសចរណ៍បែបវប្បធម៌ ប្រាសាទបុរាណ រមណីយដ្ឋានប្រវត្តិសាស្ត្រ និង រមណីយដ្ឋានបែបធម្មជាតិ ។ ប៉ុន្តែក្នុងចំណោមតំបន់ទេសចរណ៍ទាំងអស់នៅក្នុងខេត្តបាត់ដំបង បច្ចុប្បន្ន មានតំបន់អេកូទេចរណ៍បែបធម្មជាតិចំនួន០៤កន្លែង បាននិងកំពុងឆក់យកបេះដូងភ្ញៀវទេចរយ៉ាងខ្លាំង។ ជាពិសេស អ្នកទេសចរដែលនិយមធ្វើដំណើរផ្សងព្រេង បោះតង់ សម្រាកលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធតែម្ដង។
តំបន់ទេសចរណ៍ធម្មជាតិទាំង០៤កន្លែង ដែលលោកប្រធានមន្ទីរទេសចរណ៍បានពិព័រនាថា មានលក្ខណៈស្រស់បំព្រងគ្រប់រដូវកាល និងមានសក្ដានុពលបំផុតសម្រាប់អ្នកទេសចរផ្សងព្រេងបោះតង់លំហែកាយគយគន់ធម្មជាតិ ព្រៃភ្នំ និង ងូតទឹកធ្លាក់ដ៏ត្រជាក់កាយ៉ានោះ មានដូចជា៖ តំបន់ទេសចរណ៍ធម្មជាតិ «ទឹកធ្លាក់អូរជាំ» តំបន់ទេសចរណ៍ធម្មជាតិ «ទឹកធ្លាក់ចំការស្វាយ» តំបន់ទេសចរណ៍ធម្មជាតិ «វាលចម្បាំង ខេមសាយ» ដែលទើបរៀបចំថ្មី រមណីយដ្ឋានទាំង០៣នេះ ស្ថិតនៅក្នុងស្រុកសំឡូត និង តំបន់ទេសចរណ៍ធ្មជាតិ «ទឹកធ្លាក់ភ្នំ៥៣» នៅស្រុកភ្នំព្រឹក ជាប់ព្រំដែនប្រទេសថៃ។ ប៉ុន្តែលោកបានចាត់ទុក «ទឹកធ្លាក់អូរជាំ» ជាសហគមន៍អេកូទេសចរណ៍ដ៏មានសក្កានុពលបំផុត ដែលកំពុងទាក់ទាញបេះដូងភ្ញៀវទេសចរខ្លាំងជាងគេ ក្នុងចំណោមរមណីយដ្ឋានធម្មជាតិទាំង០៤ខាងលើនេះ ។
«ទឹកធ្លាក់អូរជាំ» ស្ថិតក្នុងភូមិសាស្ត្រ ភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ដែលមានចម្ងាយផ្លូវប្រមាណ៩៩គ.ម ពីទីរួមខេត្តបាត់ដំបង ឆ្ពោះទៅដល់ទីនោះ ។ បច្ចុប្បន្នរមណីយដ្ឋានធម្មជាតិដ៏ពេញនិយមមួយនេះ ត្រូវបានគ្រប់គ្រងដោយ «សហគមន៍អេកូទេសចរណ៏អូរជាំ» ដែលមានការគាំទ្រ និង ជម្រុញឲ្យមានគម្រោងអភិវឌ្ឍន៏នានានៅតំបន់នេះ ដោយអាជ្ញាធរខេត្ត និង មន្ទីរទេសចរណ៍ រួមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនផង។
ពិតមែនតែសព្វថ្ងៃនេះ រមណីយដ្ឋាន«ទឹកធ្លាក់អូរជាំ» មិនទាន់មានការអភិវឌ្ឍន៍ឲ្យបានល្អប្រសើរក្ដី តែសម្រស់ធម្មជាតិនៃជួរភ្នំ លាយឡំ និង សំឡេងទឹកធ្លាក់ពីលើកំពូលភ្នំ លាន់រងំដូចតន្ត្រីកំដរផង បានអង្រូនបេះដូងអ្នកទេសចរណ៍ទាំងឡាយនៅគ្រប់ទិសទី ជាប់ចិត្តដិតអារម្មណ៍ស្ទើរមិនអាចបំភ្លេចបាន។ អ្នកគ្រងគ្រង សហគមន៍ អេកូទេស
ចរណ៍អូរជាំ លោក ម៉េង ជាំង បាននិយាយប្រាប់កោះសន្តិភាពថា «កន្លងមក នៅទឹកធ្លាក់អូរជាំនេះ មានភ្ញៀវទេសចរមកបោះតង់សម្រាកលំហែកាយញឹកញាប់ណាស់ យ៉ាងយូរ២ ឬ៣ថ្ងៃប៉ុណ្ណោះនឹងមានភ្ញៀវក្រុមផ្សេងៗមកបន្តបន្ទាប់ទៀត ភាគច្រើនជាពលរដ្ឋខ្មែរ»។
ដោយឡែក ពាក់ព័ន្ធនឹងសន្តិសុខវិញ លោក ម៉េង ជាំង បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់តាំងពីទឹកធ្លាក់អូរជាំ បើកស្វាគមន៍ភ្ញៀវរហូតមកដល់ពេលនេះ ហាក់មិនមានបញ្ហាអ្វីកើតឡើងទេ គឺ មានសន្តិសុខល្អប្រសើរ។ ព្រោះពេលថ្ងៃយើងមានក្រុមសហគន៍នៅរងចាំផ្ដល់សេវាជូនភ្ញៀវ លុះពេលរាត្រីយើងមានក្រុមល្បាត និង កម្លាំងប្រជាការពារផង នៅការពារជាប្រចាំនៅតំបន់នេះ»។ ប្រធានសហគមន៍រូបនេះ បាននិយាយថា ភ្ញៀវដែលមកបោះតង់សម្រាកកំសាន្តនៅទឹកធ្លាក់អូរជាំ ភាគច្រើនពួកគេមកជាក្រុមៗ តាមរយៈម៉ូតូ ឬរថយន្ត។ ពួកគេនៅក្នុងខេត្តយើងផង និងមកពីតាមបណ្ដាខេត្តនានាផង
ដែរ។