ប៉ៃលិន៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ ប្រធានគណ:កម្មាធិការគណបក្សជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារបក្សចុះជួយឃុំទាំង៤ ក្នុង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្ដិទី៥ ឆ្នាំ២០២២។
លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានអនុវត្តន៍នូវគោលនយោបាយបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ផ្សះផ្សាជាតិ តាមរយៈគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន គឺធ្វើឱ្យប្រទេសជាតិមានការរីចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ត្រូវបានរីកដុះដាលឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស ជាពិសេសការអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជំរៅពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ គឺយកចិត្តទុកដាក់បំរើ និងផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាជន ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គមជាតិ។
លោកជំទាវប្រធាន បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមការងារ និងថ្នាក់នាំបក្សគ្រប់ជាន់ថ្នាក់ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអោយទទួលបានលទ្ធផលកាន់តែប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវគុណធម៌ សច្ចៈធម៌ មានការទទួលខុសត្រូវ មានស្មារតីសាមគ្គីភាព ឯកភាព ហើយត្រូវពិនិត្យតាមដានការរស់នៅ និងយល់ដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងសមាជិកបក្ស នៅគ្រប់មូលដ្ឋានឱ្យបានជាប់ជាប្រចាំ ហើយត្រូវបង្កើនសមត្ថភាព លទ្ធភាព សុខភាព និងប្រជាប្រិយភាព ដែលជាគោលការសំខាន់ របស់យុវជនគណបក្សប្រជាជនកម្ពុជាយើង។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ជំរុញដល់ក្រុមការងារទាំងអស់គ្រប់ជាន់ថ្នាក់ ត្រូវបន្តរក្សាបាននូវភាពឈ្នះរបស់យើង ឲ្យបានគង់វង្ស តាមរយៈការយកចិត្តទុកដាក់ខ្ពស់ លើការងារដែលខ្លួនទទួលខុសត្រូវ ជាពិសេសត្រូវអនុវត្តឱ្យបានតាមផែនការរបស់បក្ស ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្ដិទី៥ ឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ៕